(ពោធិ៍សាត់)៖
ក្នុងមុខតំណែង ជាអភិបាលដឹកនាំគ្រប់គ្រង់ខេត្តពោធិ៍សាត់
បានរយៈពេលជាង១ខែមកនេះ លោក ខូយ រីដា បានចាប់ផ្តើមបើកដំណើរការ សម្របសម្រួល
ដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ បានជាច្រើនករណីមកហើយ
តាមរយៈការដោះស្រាយដោយផ្ទាល់ និងការផ្តល់លេខទូរស័ព្ទទាំង៣ប្រព័ន្ធ។
ជាក់ស្តែងនារសៀលថ្ងៃទី២៩
ខែធ្នូ ឆ្នាំ២០២២កន្លងទៅ លោកបានសម្របសម្រួល
និងធ្វើការដោះស្រាយទំនាស់ដែលកើតមាន នៅឃុំអូរសោម ស្រុកវាលវែង បានចំនួន១៩ករណី
ដែលក្នុងនោះរួមមានទំនាស់រវាង ប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ,
ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន, ប្រជាពលរដ្ឋជាមួយមន្ត្រីគ្រាក់ៗ
និងប្រជាពលរដ្ឋជាមួយអាជ្ញាមូលដ្ឋាន។ល។
ថ្លែងក្នុងឱកាសនោះ លោក ខូយ
រីដា បានជម្រាបជូនថា ការសម្របសម្រួល និងដោះស្រាយទំនាស់
ក្រៅប្រព័ន្ធតុលាការនាពេលនេះ តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ
យកបេះដូងត្រជាក់មកដោះស្រាយដោយសន្តិវិធី
ហើយនិយាយតែកាពិតដោយផ្អែកលើផ្លូវរច្បាប់ មិនមែនកែន ឬជួលមនុស្សឱ្យបានច្រើន
ដើម្បីផ្ដិតមេដៃបំភ្លៃការពិតនោះទេ។ លោកដោះស្រាយវិវាទដីធ្លី
ដោយមិនគិតពីខ្សែអ្នកតូច ឬអ្នកធំអ្វីឡើយ គឺផ្អែកទៅលើផ្លូវច្បាប់
ព្រោះលោកជាអភិបាលខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
ចំពោះមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
លោកបានបន្តថា
យើងត្រូវពិនិត្យស្ថានភាព និងកាលៈទេសៈពិតប្រាកដ អ្នកដែលទិញដីរាប់រយហិកតា
ទោះបីកាត់ឆ្វៀលក៏ដោយក៏នៅជាដីរដ្ឋដដែល គឺគ្រប់គ្រងដោយថ្នាក់ក្រោមជាតិ
និងក្រសួងបរិស្ថាន
មិនមែនថ្នាក់ក្រោមជាតិមានសិទ្ធសម្រេចកាត់ដីស្រេចតែនឹងចិត្តនោះទេ
គឺត្រូវសុំគោលការណ៍ពីថ្នាក់ជាតិ បើថ្នាក់ជាតិចុះមកពិនិត្យមើលឃើញត្រឹមត្រូវ
និងឯកភាពហើយ ទើបខេត្តមានសិទ្ធិរៀបចំនីតិវិធីចេញប្លង់កម្មសិទ្ធិជូន។
ប្រជាពលរដ្ឋដែលមានដើមកំណើត ឬរស់នៅក្នុងឃុំអូរសាមនេះយូរហើយ ជាអាទិភាពទី១
ដែលយើងត្រូវធ្វើប័ណ្ណកម្មសិទ្ធជូន រីឯអ្នករស់នៅសព្វថ្ងៃបង្កទំនាស់ដីធ្លីនោះ
ភាគច្រើនមកពីក្រៅខេត្ត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា
តំបន់អភិរក្សធនធានធម្មជាតិ ដីបម្រុងរបស់រដ្ឋ រដ្ឋបាល
និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលបានបែងចែកច្បាស់ណាស់
បើបងប្អូនធ្វើស្របច្បាប់ លោកជួយការពារ តែបើប្រឆាំងនឹងច្បាប់
លោកមិនចូលរួមជាមួយនោះទេ។ លោកក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់
ចូលរួមថែរក្សាការពារធនធានធម្មជាតិ នៅក្នុងស្រុកវាលវែងនេះ
ឱ្យនៅគង់វង្សយូរអង្វែង ដោយត្រូវបញ្ឈប់ការរានព្រៃ
និងកោរភ្នំចាប់ពីពេលនេះតទៅ។
លោកបានបន្ថែមថា
ឃុំអូរសោមជាឃុំមួយកំពុងមានការអភិវឌ្ឍន៍
ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់បែបយ៉ាង ឱ្យមានរបៀបរៀបរយ
ដូច្នេះយើងត្រូវចូលទាំងអស់គ្នា ដើម្បីធ្វើឱ្យឃុំរបស់យើង រក្សាបាននូវទេសភាព
ធនធានធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់តែច្រើន។
ក្រោយពីទទួលបានការសម្រួល
ដោះស្រាយ និងពន្យល់បញ្ហាផ្លូវច្បាប់ ពីសំណាក់លោក ខូយ រីដា
អភិបាលថ្មីនៃខេត្តពោធិ៍សាត់នោះរួចមក បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់
បានទទួលយក និងចូលរួមគាំទ្រយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ
ចាប់ពីពេលនេះតទៅ៕
0 comments:
Post a Comment