-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 15, 2022

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការនាំចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការពង្រីកទីផ្សារនាំចេញទៅអេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement - "CAM-UAE CEPA") កាលពី​ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគោលបំណង និងសារៈប្រយោជន៍ នៃការចរចាបង្កើតកិច្ចព្រមព្រៀង CAM-UAE CEPA ដែលនឹងចូលរួមលើកកម្ពស់បរិយាកាស សេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ ជាវឌ្ឍនភាព ការចរចាជុំទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះដែរ កិច្ចពិគ្រោះយោបល់នេះ មានការពិនិត្យ និងពិភាក្សាអំពីយថាប្រភេទនៃទំនិញ ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ អេមីរ៉ាតអារ៉ាប់រួម ក្រោមកិច្ចព្រមព្រៀង CAM-UAE CEPA នាពេលអនាគត អំពីតម្រូវការទីផ្សាររបស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួន សម្រាប់ផលិតផលនាំចេញ រួមមាន៖ វិធានដើមកំណើតទំនិញ វិធានអនាម័យ និងភូតគាមអនាម័យ របាំងបច្ចេក ទេសពាណិជ្ជកម្ម និងការបញ្ជាក់វិញ្ញាបនបត្រហាឡាល ជាដើម។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទំនិញរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ ១៥១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ៥៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, កង់, ផលិតផលធ្វើដំណើរ, ថ្នាំជក់, អង្ករ, បរិធានអគ្គិសនីនិងបង្គុំយានយន្ត, ជ័រកៅស៊ូក្រាលផ្លូវថ្នល់, ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ, ចំណីសត្វ, ប្រេង, ប្លាស្ទីក, យានយន្ត, ក្រដាស។ល៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង​ពាណិជ្ជកម្ម)


0 comments:

Post a Comment