-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, May 17, 2022

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មដ៏មមាញឹកនៅលើទឹកអាមេរិក នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។ ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។ របាយការណ៍បានបង្ហាញថា ចាប់តាំងពីបង្កើតឡើងរហូតដល់ពេលបច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ 

ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។ ក្នុងពេលដែលកម្ពុជា រងនូវការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរានោះឡើយ។ បើទោះបីដឹងថា បេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងថ្មីថ្មោងលើពិភពលោក ហើយមិនមានទាន់ដឹងថា តើមេរោគនេះមានសភាពកាចសាហាវយ៉ាងណានោះ តែក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានចូលរួមដោយមិនអល់ឯក ទោះបីគ្រូពេទ្យខ្លះត្រូវបានហាមឃាត់ក៏ដោយនោះ។ ពួកគេបានបំពេញការងារដោយក្តីពេញចិត្ត

 បំពេញការងារអស់ពីចិត្តពីថ្លើមក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមិនគិតពីពេលអ្វីទាំងអស់។ ក្នុងពេលបំពេញបេសកកម្មគ្រូពេទ្យខ្លះត្រូវបំពេញការងារស្ទើរ ២៤ម៉ោងក៏មាន ហើយគ្រូពេទ្យខ្លះត្រូវសន្លប់ក្នុងបេសកកម្មក៏មាន។ របាយការណ៍បានបង្ហាញថា ក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ បានព្យាបាលអ្នកជំងឺកូវីដ១៩ ប្រមាណ ២៥,៨៤២នាក់, យកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ បានជាង ៧១ម៉ឺននាក់ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៣០ម៉ឺននាក់។ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានក្លាយទៅជាចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺកូវីដ១៩ ហើយក៏ជាចំណែកដ៏ធំក្នុងការជួយរាជរដ្ឋាភិបាលយកឈ្នះលើជំងឺកូវីដ១៩៕


0 comments:

Post a Comment