-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, February 21, 2022

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦

ចំនួនអ្នកទស្សនា: Views


ឧត្តរមានជ័យ : នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមអបអរសាទរចំពោះការរីកចម្រើនជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ៦ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផលជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវ​បានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្តែងក្នុងថ្ងៃនេះ មានការសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និង​សមិទ្ធផល​នានា សរុប ៣៦ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំចំពោះ​សុខ​ទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជា​ការដោះស្រាយរាល់ការលំបាកផ្សេងៗ តាមគ្រប់បណ្តាស្ថាប័ន-កង​ឯកភាពជួរមុខទូទាំងប្រទេស។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ​ និងវាយតម្លៃ​ខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពលធំអន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន-​កងឯកភាពចំណុះផ្សេងទៀត ដែលកន្លងមក​បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច​បានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយ​ធានាបាននូវការពង្រឹង​ប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និង​ការបំពេញកិច្ចសហការជាមួយអាជ្ញាធរ​ដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ ជាពិសេសសកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ។

ឆ្លៀតនាឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ក៏ដូចជាប្រជាជនក្នុងខេត្តឧត្តរមានជ័យ និងនៅទូទាំងប្រទេសចំពោះការបាត់បង់សាច់ញាតិ មិត្តភក្តិ ដោយសារជំងឺរាតត្បាតដ៏កាច​សាហាវ​កូវីដ-១៩ និងសូមបួងសួងឱ្យវិញាណក្ខន្ធរបស់ពួកគាត់បានទៅដល់សុគតិភព។ សូមបញ្ជាក់ផងដែរថា បើគ្មានការសម្រចចិត្តត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ គឺដូចដែលអ្វីដែល សម្តេច ធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ដ៏រង្គាលនៃរបបប៉ុលពត។ ទាំងនេះ គឺជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏ សម្តេច អាចគ្រប់គ្រងស្ថានការណ៍​ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ។​ ទន្ទឹមនិងនេះ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួ្មមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នា ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ ដែលកើតមាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់កងកម្លាំងឲ្យ រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់​បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា​ការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់​អំពីសភាពការណ៍ថ្មីៗ ដើម្បី​លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់​ជំនាញ។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត ឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ៕



 

0 comments:

Post a Comment