ប៉ៃលិន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តប៉ៃលិន ឯកឧត្តម អ៊ីឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ ព្រមទាំងផ្សព្វផ្សាយ សភាពការណ៍ទូទៅ របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម កើត សុធា ទីប្រឹក្សាគណបក្សខេត្ត បានធ្វើរបាយការណ៍ថា៖ ឆ្នាំ២០២១កន្លងមកនេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត លើវិស័យសេដ្ឋកិច្ចសង្គម តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តប៉ៃលិន តែងបានរួមសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយខេត្ត និងបណ្តាអង្គការចាត់តាំងបក្ស បានខិតខំបំពេញភារកិច្ចចុះជាប់តាមមូលដ្ឋានជាប្រចាំរួមប្រាស្រ័យជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋដោយមិនមានការប្រកាន់និន្នាការនយោបាយ ដើម្បីអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពី គ្រោះថ្នាក់នៃជំងឺរាតត្បាតកូវីដ-១៩ ការចុះជួយប្រជាជនពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការផ្សព្វផ្សាយអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗដោយសមូហភាព និងឆន្ទៈមុះមុត ទំនួលខុសត្រូវខ្ពស់ ។
ឯកឧត្តម អ៊ី ឈាន សមាជិកគណ:កម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ដោយឡែកគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាមួយគ្នានោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើនតាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ២-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៣- បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ, និង៤. ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ និង ភូមិ ផងដែរ ៕
0 comments:
Post a Comment