-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, October 19, 2021

គ្រឹះស្ថានសិក្សារដ្ឋ កម្រិតមធ្យមជាង ៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ !

ចំនួនអ្នកទស្សនា: Views

  


សៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សារដ្ឋ កម្រិតមធ្យមសិក្សាចំនួន៤៤សាលា នៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់ បានបើកដំណើរការឲ្យបង្រៀន និងរៀនសាកល្បងជាផ្លូវការហើយ ខណ:សាលាកម្រិតបឋមសិក្សាចំនួន ១២៩សាលា គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែតុលាខាងមុខនេះដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និង ជាអនុប្រធានប្រចាំការ នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជនខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជម្រាបដល់រដ្ឋបាលរាជធានី និងខេត្តទាំងអស់ ឲ្យធ្វើការពិចារណា និងគិតគូរឲ្យបានហ្មត់ចត់ ក្នុងការបើកដំណើរការ។ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបង្កើតគណ:កម្មការត្រួតពិនិត្យ និង វាយតម្លែការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ជាប្រធាន និង មានឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថា្នក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលក្រុង ស្រុកក្នុងទូទាំងខេត្ត ជាអនុប្រធាន និងសមាជិក នៃគណ:កម្មការនេះ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា មុននឹងយើងបើកសាលារៀនវិញនៅថ្ងៃនេះ យើងបានឆ្លងកាត់នូវដំណាក់កាល នៃការត្រួតពិនិត្យ និងវាយតម្លៃច្រើនករណីណាស់ គឺ ៖ ១. បើកនៅតាមសាលា នៃបណ្ដាស្រុក ដែលមានហានិភ័យទាប ដោយអនុវត្តការរៀនតាមបណ្ដុំ មិនលើសពី១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល និងផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ សម្រាប់តំបន់មានហានិភ័យមធ្យម , ២.ពិនិត្យលទ្ធភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា និង ៣.ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀន នៃស្រុកមួយចំនួន ដែលបានដាក់ពាក្យស្នើសុំ ស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវមានទីកន្លែងសម្រាប់លាងដៃនឹងសាប៊ូ លាងដៃ និងអាល់កុល ការត្រួតពិនិត្យកម្ដៅ និងសិស្សានុសិស្សត្រូវពាក់ម៉ាស់គ្រប់ៗគ្នា និងគ្រប់ពេលវេលា។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀន និងរៀនតាមបណ្តុំមិនទាន់បានដំណើរការក្តី ក៏ប៉ុន្តែការបង្រៀន និងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ផងដែរ ដូច្នេះការបើកសាលារៀនឡើងវិញនៅថ្ងៃនេះ មានវិទ្យាល័យចំនួន ១៤កន្លែង និងអនុវិទ្យាល័យចំនួន ៣០កន្លែង ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់ ហើយលក្ខខ័ណ្ឌឬវិធានការសម្រាប់ដំណើរការបើកសាលារៀនឡើងវិញនោះគឺ គណ:កម្មការ ឬអាជ្ញាធរមូលដ្ឋាន ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនោះគឺត្រូវតែពិនិត្យស្ថានភាពតំបន់ ។

លោក លី ប៊ុនណា មានប្រសាសន៍បន្ថែមថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ខណ:ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកញ្ញា ឆ្នាំ២០២០ នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដាអនាម័យ ការអនុវត្តវិធានការ ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងគ្រូ ត្រូវធ្វើតេស្តសំណាក មុនបើកសាលាបង្រៀនសិស្ស ជាដើម ហើយដើម្បីឲ្យដំណើរការសិក្សានេះ ប្រកបដោយភាពរលូននោះ ការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាលរបស់សិស្ស ក្នុងការត្រួតពិនិត្យសុខភាព និងសកម្មភាពរបស់កូនខ្លួនឯង គឺជាផ្នែកមួយដែលមានសារ:សំខាន់ជាទីបំផុត ។

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន ២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀតដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០ កន្លែង , សាលាបឋមសិក្សាចំនួនជាង ៥១៤ កន្លែង , មានអនុវិទ្យាល័យ ចំនួន ៨២កន្លែង និងមានវិទ្យាល័យ ចំនួន ៤១កន្លែង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment