ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។ នេះបើយោងតាមការលើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។
បើតាមសម្តេចក្រឡាហោម ស ខេង យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកបានកើតឡើងសរុបចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។ ចំពោះអត្រាអ្នក ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់ បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣ នាក់ ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣ នាក់ ។
ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាសទី១ឆ្នាំ២០២១នេះ គឺមានចំនួន ១ ១១៣ នាក់បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស ១ ៣១៥ នាក់។
ផ្អែកលើលទ្ធផលនេះ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ក៏សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត។
ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ ពេលធ្វើដំណើរ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់បងប្អូនជនរួមជាតិនេះហើយ ដែលបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះផងដែរ។
សម្តេចក្រឡាហោមក៏បានជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍ទោះថាមិនមែនជាជំងឺឆ្លងក៏ដោយ ក៏គ្រោះថ្នាក់នេះបានផ្តាច់ផ្តិលជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។
សម្តេចក្រឡាហោមសូមធ្វើការអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ មេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និង ស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ច ដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រី ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ៕ដោយ៖ រិទ្ធី, សម្រួលផ្សាយ៖ កន ចំណាន
0 comments:
Post a Comment