AKP ពោធិ៍សាត់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១–
នៅថ្ងៃ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកបាកាន ខេត្តពោធិ៍សាត់ឯឧ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងលោកជំទាវ ជា ខេង រួមទាំងក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកដែលមានអាងចិញ្ចឹមត្រីចំនួន២៣អាង នៅទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលស្រុក អង្គការមូលនិធិ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
ឯឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ការបង្កើតមូនិធិនេះឡើងដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុកឆ្ងាយពីគ្រួសារ ដែលនាំឱ្យគ្រួសារបាត់ភាពកក់ក្ដៅខ្វះការជួបជុំ និងចំពេលមានកើតឆ្លងនូវមេរោគកូវីដ-១៩នេះផង ។ ឯកឧត្តមបានបន្តថា ដើម្បីឱ្យការងារចិញ្ចឹមត្រីនេះមានប្រសិទ្ធភាពខ្ពស់ និងទទួលប្រាក់ចំណេញបានច្រើន រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារអ្នបច្ចេកទេសធ្វើចំណីត្រីដោយខ្លួនឯងលក់ជូនក្នុងតម្លៃដើម សម្រួលដល់បងប្អូនប្រជាពលរដ្ឋទទួលយកបាន។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមដល់ប្រជាកសិករ នៅក្នុងការចញ្ចឹមត្រី និងសត្វផ្សេងៗទៀត ដើម្បីបង្កើនបរិមាណផលិតផល និងធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារ និងដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកបរិភោគ។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតចិញ្ចឹមសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការលើទីផ្សារវិញម្តង ។
ការប្រែប្រួលបែបនេះក៏បានធ្វើឱ្យប្រជាពលរដ្ឋយើង មានការផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារ ដែលមានស្តង់ដារប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស។ជាពិសេសផលិតផលចិញ្ចឹមដោយប្រើចំណីសេរីរាង្គ បន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពផងដែរ។ ដូច្នេះដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការទាំងអស់នេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួតពីគ្រប់ដៃគូពាក់ព័ន្ធ រួមមាន រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យកសិករបង្កើនការចិញ្ចឹមមាន់ កន្ទាយ បន្តទៀត ដើម្បីឱ្យ ជីវភាពប្រជាកសិករកាន់តែប្រសើរឡើង កសិករធ្វើការប្រកួតប្រជែង នឹងទទួលបានរង្វាន់។ចំពោះបងប្អូនប្រជាកសិករយើងដែលខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារនេះឱ្យបានល្អសម្រាប់ម្ចាស់អាងណាដែលធ្វើបានល្អថែទាំងអនាម័យផ្ទះ អាងជុំវិញ មានសោភណភាព ពិសេសត្រីចិញ្ចឹមបានធំជាត់ល្អ ឯកឧត្តមនឹងមានរង្វាន់ជូនផងដែរ ៕ ដោយ៖ បៃ ស៊ីថុន (ប្រភពៈរដ្ឋបាលខេត្តពោធិ៍សាត់) សម្រួលផ្សាយដោយ៖ ធូ កុសល
0 comments:
Post a Comment