-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, January 26, 2021

អភិបាលខេត្តស្វាយរៀង ជំរុញឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់អនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិឲ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល

ចំនួនអ្នកទស្សនា: Views

 

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងជំរុញដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិឲ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តផែនការសកម្មភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវមានភាពម៉ត់ចត់ ក្នុងការចាត់ចែងចំណាយផ្សេងៗ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយសនិទានភាព ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានរតនាគាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោកប្រធានគណនេយ្យមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី ប្រធានគណនេយ្យ ក្រុង-ស្រុក លោក លោកស្រី ស្មៀនឃុំ សង្កាត់ជាច្រើនរូប។

លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហការី ដែលបានជួយសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយសាលាខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្នុងការរៀបចំនូវកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ មន្ត្រីអង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ក្នុងកិច្ចអនុវត្តគម្រោងសកម្មភាពចំណូលចំណាយថវិកាប្រចាំឆ្នាំរបស់ខ្លួន ប្រកបដោយបុរេសកម្ម និងដើម្បីសមិទ្ធកម្មការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានគុណភាពល្អប្រសើរ ។

លោក ម៉ែន វិបុល បានស្នើដល់ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធ ត្រូវជំរុញអនុវត្តឲ្យបានជោគជ័យនូវបណ្តាផែនការសកម្មភាព និងវិធានការកែលម្អការគ្រប់គ្រងថវិកា និងបន្តដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗទៀត ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ។

លើសពីនេះ មន្ទីរជំនាញដែលមានបទពិសោធន៍ក្នុងការរៀបចំ ក៏ដូចជាក្នុងការអនុវត្តថវិកាកម្មវិធីរួចហើយ ត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថវិកា កែលម្អរចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ និងស៊ីសង្វាក់គ្នា ដើម្បីសម្រួលការអនុវត្តឲ្យកាន់តែរលូនហើយឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ និងមានការទទួលខុសត្រូវកាន់តែច្បាស់លាស់ ៕

0 comments:

Post a Comment