-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, January 14, 2021

លោក ហ៊ុន ម៉ានី៖ ក្នុងតួនាទីជាមេដឹកនាំ សម្តេចតេជោ តែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិជាអាទិភាព ទោះជីវិតក៏ហ៊ានលះបង់

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងនៅកម្ពុជា
បានលើកពីវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ក្នុងតួនាទីជាមេដឹកនាំសម្តេចតេជោ តែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិជាអាទិភាពខ្ពស់បំផុត ហើយដើម្បីបុព្វហេតុទាំងនេះសម្តេចហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីតែជីវិត។

ការចេញមកលើកបង្ហាញពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន របស់អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ គឺនៅចំថ្ងៃគម្រប់ខួប៣៦ឆ្នាំ ដែលសម្តេចតេជោ កាន់តួនាទីជានាយករដ្ឋមន្ត្រី ដែលជាតំណែងកំពូលក្នុងការទទួលខុសត្រូវលើការដឹកនាំនាវាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។

ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ គឺចំពេលប្រទេសជាតិ ខ្វះស្បៀងអាហារយ៉ាងខ្លាំង ព្រោះតែការរងនូវទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងឆ្នាំ១៩៨៤។ បើទោះបីជាការឡើងដឹកនាំប្រទេសក្នុងស្ថានភាពខ្វះស្បៀងអាហារបែបនេះក្តី នាយករដ្ឋមន្ត្រីដ៏វ័យក្មេងរូបនេះ បានថ្លែងទៅកាន់រដ្ឋសភាថា មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ ទ្រឹស្តីនេះ បានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

កម្ពុជារយៈពេល ៣៦ឆ្នាំ នៃការដឹកនាំដោយផ្ទាល់របស់ម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានការចម្រើនលូតលាស់គួរជាទីមោទនភាព។ ស្នាដៃធំៗក្រោមការដឹកនាំរបស់សម្តេចតេជោ មានដូចជាការបញ្ចប់ភ្លើងសង្គ្រាម ការបែកបាក់ជាតិ កសាងសេដ្ឋកិច្ចពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាដើម។

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣របស់សម្តេចតេជោ បានគូសបញ្ជាក់ពីវីរភាពនៃការដឹកនាំរបស់សម្តេចតេជោលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ពុកជាគ្រូ ពុកជាថ្នាក់ដឹកនាំ ហើយពុកក៏ជាលោកឪពុកដែលមានព្រហ្មវិហារធម៌។ មិនថាពុកឋិតក្នុងតួនាទីអ្វី ពុកតែងតម្កល់ប្រយោជន៍ជាតិ និងមាតុភូមិ ជាអាទិភាពខ្ពស់បំផុត។ ក្នុងបេសកកម្មនេះ ពុកហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីតែជីវិតផ្ទាល់ខ្លួន»។

ក្រៅតែពីលោក ហ៊ុន ម៉ានី គេបានឃើញមានឥស្សរជននយោបាយ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅជាច្រើន បានចេញសារអបអរសាទរខួប ៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន។ មិនត្រឹមតែអបអរសាទរនោះទេ ពួកគេក៏បានសម្តែងនូវការដឹងគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មរបស់សម្តេចតេជោក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕

0 comments:

Post a Comment