-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 13, 2021

ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រាប់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ពេលចាប់បានជនល្មើសត្រូវរាយការណ៍បន្ទាន់ទៅនគរបាលមូលដ្ឋាន ហាមប្រើអំពើហិង្សាដាច់ខាត

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានប្រាប់ទៅភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ នៅពេលចាប់បានជនប្រព្រឹត្តបទល្មើសណាម្នាក់ ត្រូវរាយការណ៍បន្ទាន់ភ្លាមៗ ទៅកាន់មន្ដ្រីនគរបាលមូលដ្ឋាន ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលនៅជិតបំផុត ហើយហាមប្រើប្រាស់អំពើហិង្សាដាច់ខាត។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣០ ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំទៅកាន់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ទៀតថា ក្រៅពីរាយការណ៍នៅពេលចាប់បានជនប្រព្រឹត្តបទល្មើសហើយនោះ ភ្នាក់ងារសន្ដិសុខឯកជន ក៏មានតួនាទីត្រូវចូលរួមរក្សា និងការពារទីតាំងកើតហេតុផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្លាំងនគរបាលជំនាញ បំពេញកិច្ចការងារស្រាវជ្រាវ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងយ៉ាងដូច្នេះថា «នៅពេលយើងឃាត់ជនល្មើសបាន យើងត្រូវរាយការណ៍ទៅប៉ុស្ដិ៍នគរបាលដែលនៅជិត ដើម្បីឲ្យសមត្ថកិច្ចមកជួយ និងយកជនល្មើសនោះទៅចាត់វិធានការតាមផ្លូវច្បាប់ ហើយភ្នាក់ងារសន្ដិសុខឯកជន មិនអាចឃាត់ជនល្មើសនោះយូរបាននោះទេ [...] នៅពេលគោលដៅយើងការពារមានហេតុការណ៍កើតឡើង យើងត្រូវជួយការពារកុំឲ្យបាត់ស្ថានភាពដែលកើតហេតុដំបូង ហើយទុកឲ្យសមត្ថកិច្ចបន្ដ»

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខទាំងអស់ទៀតថា នៅពេលបំពេញការងារត្រូវពាក់ឯកសណ្ឋានដែលក្រុមហ៊ុន ឬសហគ្រាសដែលខ្លួនកំណត់ឲ្យបានត្រឹមត្រូវ ពិសេសត្រូវមានផ្លាកសញ្ញាច្បាស់លាស់ ក៏ដូចជាសម្ភារដែលត្រូវបំពាក់នៅលើខ្លួន ហើយពិសេសត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

លើសពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបានការបំប៉នជំនាញរយៈពេល២ថ្ងៃមកនេះ ត្រូវយកចំណេះដឹងដែលទទួលបានទៅប្រើប្រាស់ក្នុងការបំពេញតួនាទីភារកិច្ច ឲ្យបានត្រឹមត្រូវ ជៀសវានូវការប្រព្រឹត្តអំពើដែលខុសឆ្គង និងខុសនឹងច្បាប់ដែលបានកំណត់។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសរួមគ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចេញគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមចំណែកទប់ស្កាត់បទល្មើសដែលកើតឡើងនៅមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣០នេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

លោកប្រធាននាយកដ្ឋាន បានបន្ដថា វគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្ដិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា សិក្ខាកាមបានទទួលនូវមេរៀនដែលរៀបចំចងក្រងដោយយកចិត្តទុកដាក់ ក្នុងនោះផ្ដោតទៅលើមេរៀន ដូចជា៖ ទី១៖ តួនាទី និងភារកិច្ចភ្នាក់ងារសន្ដិសុខឯកជន, ទី២៖ វិធីសាស្ដ្រការពារគោលដៅ, ទី៣៖ វិធានការណ៍ពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ, ទី៤៖ កិច្ចសហការជាមួយភ្នាក់ងារសន្ដិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, ទី៥៖ ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ភ្នាក់ងារសន្ដិសុខ ឯកជន, ទី៦៖ ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុរបស់ភ្នាក់ងារសន្ដិសុខឯកជន, ទី៧៖ ពិនិត្យ និងវិភាគកន្លែងកើតហេតុ និងឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក៕


0 comments:

Post a Comment