-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, December 3, 2025

ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ ការរៀនពេញមួយជីវិត គឺជាភាពចាំបាច់ និងមានអត្ថប្រយោជន៍ធំធេងដល់មនុស្សគ្រប់រូប

ចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា «ការរៀនពេញមួយជីវិត គឺជាភាពចាំបាច់ និងមានអត្ថប្រយោជន៍ធំធេងដល់មនុស្សគ្រប់រូប»។ ការរៀនពេញមួយជីវិតបានផ្ដល់អត្ថប្រយោជន៍ ចំនួន ៤ គឺ៖ ១. បង្កើតជំនាញថ្មីធ្វើប្រសើរឡើងនូវអ្វីដែលអ្នកមានរួចហើយ, ២. បណ្ដុះគំនិតចង់ដឹង ចង់ឃើញ, ៣. បើកចិត្ត និងបង្កើនប្រាជ្ញា, ៤. ធ្វើឱ្យប្រសើរឡើងនូវការចងចាំ និងបង្កើនទំនុកចិត្តលើខ្លួនឯង។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល គណៈគ្រប់គ្រងសាលា គ្រូបង្រៀនទទួលបន្ទុកកិច្ចការបច្ចេកទេស និងបណ្ណារក្សនៃសាលារៀនគោលដៅ គ.វ.អ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកលេខាធិការដ្ឋាន គ.វ.អ., រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រធានការិយាល័យអប់រំក្រុងកំពង់ចាម, វាគ្មិនពីក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រងសាលាគោលដៅ គ.វ.អ. ទាំង១៦១ និងសាលាបឋមសិក្សាផ្ការីក(សិរីបាវិត ខេត្តព្រៃវែង), លោកគ្រូ អ្នកគ្រូ និងបណ្ណារក្សប្រមាណ ៥៥០នាក់។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងស្របពេល និងឆ្លើយតបទាន់ពេលទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.អ. សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងការពង្រឹងគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំនៅតាមសាលារៀនគោលដៅ គ.វ.អ. ទាំងលើផ្នែកវិធីសាស្រ្តនៃការដឹកនាំគ្រប់គ្រង, ការរៀបចំកិច្ចតែងការបង្រៀន វិធីសាស្រ្តបង្រៀន និងការជំរុញកិច្ចការអំណានរបស់សិស្ស, ការបង្កើនការយល់ដឹងអំពីតួនាទីភារកិច្ចរបស់គ្រូបង្រៀន និងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយម៉ត់ចត់ជាប្រចាំ។

លោក ពេជ សោភ័ន បានគូសបញ្ជាក់ថា៖ «វិធានការគន្លឹះក្នុងវិស័យអប់រំ ដែលជាយន្តការ និងឧបករណ៍អន្តរាគមន៍ដោះស្រាយចំឫសគល់នៃបញ្ហា ដែលត្រូវបានដាក់ឱ្យអនុវត្តនិងកំពុងទទួលបានលទ្ធផលជាវិជ្ជមាន, ការកសាងឧត្តមានុវត្តន៍នៅតាមសាលាបឋមសិក្សា និងការចូលរួមគាំទ្រខ្លាំងក្លាពីសហគមន៍ ស្របតាមអនុសាសន៍ណែនាំខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី បានលើកឡើងថា គ្មានគោលនយោបាលណាដែលអាចសម្រេចជោគជ័យបានដោយគ្មានការចូលរួមរបស់ប្រជាជនឬមហាជនឡើយ ហើយសាលាល្អ សិស្សល្អ ផ្តើមចេញពីគ្រូ និងគណៈគ្រប់គ្រងសាលា»។

បច្ចុប្បន្ន សាលារៀនគោលដៅ គ.វ.អ. ចំនួន ១៦១ នៅទូទាំងប្រទេសបាននិងកំពុងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលជាយន្តការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ ដោយផ្តោតលើ ៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន, ២.ការពង្រឹងវិន័យ សីលធម៌ ឥរិយាបថ និងការបង្រៀនបន្ថែមម៉ោង, ៣.ការយកចិត្តទុកដាក់លើសុខភាពសិស្ស, ៤.ការជំរុញលើកទឹកចិត្តការចូលរួមរបស់សហគមន៍ដើម្បីការអប់រំ៕

0 comments:

Post a Comment