-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, November 22, 2025

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអង្គការយូនីសេហ្វ រៀបចំព្រឹត្តិការណ៍ «រត់ដើម្បីសន្តិភាព និងរត់ដើម្បីកុមារ» នៅរមណីយដ្ឋានប្រាសាទកោះកេរ

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ ដើម្បីចូលរួមអបអរសាទរទិវាកុមារសកលលើកទី៧៦ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅកម្ពុជា រៀបចំព្រឹត្តិការណ៍ «រត់ដើម្បីសន្តិភាព និងរត់ដើម្បីកុមារ» រយៈចម្ងាយ ៦គីឡូម៉ែត្រ ព្រមជាមួយពិធីបុណ្យភូមិមានជើង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត រួមជាមួយ លោកបណ្ឌិត វឺល ផាកស៍ នាយកអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការដៃគូអភិវឌ្ឍ បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារយ៉ាងច្រើនកុះករ។

លោកបណ្ឌិត វឺល ផាកស៍ បានថ្លែងថា ព្រឹត្តិការណ៍ «រត់ដើម្បីសន្តិភាព និងរត់ដើម្បីកុមារ» ព្រមជាមួយពិធីបុណ្យភូមិមានជើង នៅទីតាំងប្រវត្តិសាស្ត្រកោះកេរនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់សហគមន៍ដែលរងផលប៉ះពាល់ដោយវិបត្តិនានា ទាំងវិបត្តិសេដ្ឋកិច្ច គ្រោះធម្មជាតិ ឬផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោកនាយកយូនីសេហ្វបន្តថា ការរៀបចំនេះគឺដើម្បីផ្តល់ឱកាសសិក្សា និងកម្សាន្តប្រកបដោយអត្ថន័យ តាមរយៈការរៀបចំកម្មវិធីដូចជា ការប្រណាំងរត់ និងសកម្មភាពវប្បធម៌ផ្សេងៗ ដែលផ្តល់ជូនកុមារ និងយុវជននូវឱកាសសិក្សាអំពីសិទ្ធិរបស់ពួកគេ ជំនាញជីវិត ក៏ដូចជាការចូលរួមក្នុងសកម្មភាពវប្បធម៌ និងការកម្សាន្តប្រកបដោយអត្ថន័យ ដែលជួយឲ្យពួកគេមានកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាង។

ជាមួយនេះ លោកបានបញ្ជាក់ថា ការប្រារព្ធទិវាកុមារសកលនេះ ក៏ជារំលឹកដល់ការអនុម័តអនុសញ្ញាស្តីពីសិទ្ធិកុមារ ហើយវាក៏ជាការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធានាថា សិទ្ធិរបស់កុមារគ្រប់រូបត្រូវបានការពារ ផ្តល់តម្លៃ និងក្លាយជាការពិត។ បន្ថែមពីនេះ យូនីសេហ្វ និងដៃគូទាំងអស់ អំពាវនាវឲ្យមានការរួបរួមគ្នាដើម្បីកសាងពិភពលោកមួយដែលគ្មានកុមារណាម្នាក់ត្រូវបានគេបំភ្លេចចោល ជាពិសេសកុមារដែលរស់នៅក្នុងសហគមន៍ងាយរងគ្រោះ ឬតំបន់ដាច់ស្រយាល ដូចជានៅខេត្តព្រះវិហារនេះ។

ក្នុងឱកាសនោះដែរលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា៖បច្ចុប្បន្នប្រជាពលរដ្ឋ និងកុមារ ជាជនភៀសសឹកបានវិលត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍របស់ខ្លួនវិញហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវបន្តតាមដាន និងជួយពួកគាត់ ដើម្បីឱ្យពួកគាត់មានជីវភាពរស់នៅប្រក្រតី និងអាចចាប់ផ្តើមជីវិតថ្មីឡើងវិញប្រកបដោយនិរន្តរភាព។

ទន្ទឹមនេះលោកអភិបាលខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អង្គការយូនីសេហ្វ និងអង្គការដៃគូទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការសិក្សា វាយតម្លៃ និងឆ្លើយតបនូវកម្មវិធីជំនួយមនុស្សធម៌ជាបន្ទាន់ ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍រយៈពេលវែង ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឱ្យវិលត្រឡប់ទៅរកជីវភាពប្រក្រតីឡើងវិញដោយសុវត្ថិភាព និងភាពធន់៕


0 comments:

Post a Comment