-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, October 31, 2025

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ គាំទ្រលើការរៀបចំវេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជា

ចំនួនអ្នកទស្សនា: Views

(តូរ៉ុនតូ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ ផងដែរ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និង ប្រទេសកាណាដា។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកស្រី សមាជិកសភា ចំពោះជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ហើយ លោកក៏បានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។

ឆ្លៀតក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីលទ្ធភាពសហការរៀបចំព្រឹត្តិការណ៍អមក្នុងទម្រង់ជាវេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិនពីខេត្តអុនតារីយ៉ូឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា។

ជាការឆ្លើយតបលោកស្រី ក៏បានបង្ហាញនូវការកោតសរសើរចំពោះ វឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ លោកស្រីបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់តម្លាភាព ក្នុងវិស័យសាធារណៈនានា។ លោកស្រី ក៏បានសំដែងនូវការគាំទ្រលើការគិតគូររៀបចំ វេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជា។

តាមរយៈជំនួបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការវិជ្ជមានមួយ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ដែលហុចផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពី កម្ពុជា និងកាណាដា៕

0 comments:

Post a Comment