-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, December 9, 2024

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ សន្តិសុខសាយប័រ ពិតជាមានសារៈសំខាន់ សម្រាប់ការធ្វើបរិវត្តកម្មឌីជីថល លើគ្រប់វិស័យនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកឡើងថា សន្តិសុខសាយប័យ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើបរិវត្តកម្មឌីជីថល លើគ្រប់វិស័យនៅកម្ពុជា ដូចជា៖ សេវារបស់រដ្ឋាភិបាល ពាណិជ្ជកម្មអេឡិចត្រូនិក ធនាគារជាដើម។

លោក សូ វិសុទ្ធី បានគូសបញ្ជាក់ថា​ ការពង្រឹងសន្តិសុខសាយប័រ តាមរយៈការអភិវឌ្ឍន៍ទេពកោសល្យក្នុងស្រុក និងការអប់រំ គឺជាគន្លឹះក្នុងការការពារប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា និងធានានូវការប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចពិភពលោក ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព ជំរុញទំនុកចិត្តសាធារណៈ និងធានាអនាគតឌីជីថលរបស់កម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សូ វិសុទ្ធី អញ្ជើញចូលរួម ក្នុងកម្មវិធីប្រកួតថ្នាក់ជាតិ ក្នុងវិស័យសន្ដិសុខសាយប័រ Capture the Flag (CTF) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP Technology Center) នៅថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០២៤។

គោលបំណងនៃការរៀ​បចំកម្មវិធីនេះ គឺជួយជំរុញការយល់ដឹង ការពង្រឹងសមត្ថភាព ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងវិស័យសន្ដិសុខសាយប័រ ដល់មន្ដ្រីជំនាញ ដែលបានចូលរួមកម្មវិធីប្រកួតប្រជែងនេះ។

ជាមួយគ្នានេះ លោក សូ វិសុទ្ធី បានឲ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកវិស័យឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានការទទួលខុសត្រូវខ្ពស់ ចំពោះការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការចាប់យកឌីជីថលក្នុងចំណោមក្រសួងស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល។

ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុវត្តការងារយ៉ាងកម្ម ក្នុងអភិវឌ្ឍវិស័យសន្ដិសុខសាយប័រ៖

១៖ ផ្តល់កិច្ចសហការលើកិច្ចការសន្តិសុខសាយប័រ ជូនក្រសួង ស្ថាប័ន ហើយក្នុងករណី ចាំបាច់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបញ្ជូនមន្ត្រីបច្ចេកទេស ជួយសម្របសម្រួលដោយផ្ទាល់។

២៖ រៀបចំកំណត់កម្មវិធីសិក្សាជំនាញសន្តិសុខសាយប័រ តាមគ្រឹះស្ថានសិក្សាមួយចំនួន និងបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខសាយប័រ ដល់ក្រសួងស្ថាប័ននានា។

៣៖ បាន និងកំពុងខិតខំជំរុញការអភិវឌ្ឍជំនាញ និងកសាងធនធានមនុស្សលើវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការបណ្តុះបណ្តាលមុខជំនាញសំខាន់ៗ ដែលក្នុងនោះ ក៏មានជំនាញ សន្តិសុខសាយប័រផងដែរ។

លើសពីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានប្រកាសដាក់ឱ្យប្រើផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលកម្ពុជា ២០២៤-២០៣៥ ដែលតាក់តែងឡើងស្រប តាមឧត្តមានុវត្តន៍អន្តរជាតិ។

៤៖ បាននិងកំពុងអភិវឌ្ឍនិងធ្វើទំនើបកម្ម SOC និង CamCERT ដែលមានស្រាប់ឱ្យកាន់តែមាន សមត្ថភាពខ្ពស់ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

៥៖ បច្ចុប្បន្នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ កម្រិត Tier IV ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសំណូមពរឱ្យរក្សាទុក ទិន្នន័យនៅមជ្ឈមណ្ឌលទិន្នន័យជាតិ បន្ទាប់ពីសាងសង់រួច លើកលែងតែក្រសួង ស្ថាប័នដែលមានមជ្ឈមណ្ឌលទិន្នន័យផ្ទាល់ ដែលមានសុវត្ថិភាព។

៦៖ បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខសាយប័រ និងបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។

៧៖ កំពុងសិក្សារៀបចំ និម្មាបនកម្មសន្តិសុខសាយប័រ (Cybersecurity Architecture) គំរូមួយ ដោយចាប់ផ្តើមដំបូងពីក្រសួងផ្ទាល់ រួចក្រសួង ស្ថាប័នផ្សេងៗអាចយកគំរូនេះទៅអនុវត្ត ដើម្បីគាំទ្រ ដល់ប្រព័ន្ធសន្តិសុខសាយបរតាមក្រសួង ស្ថាប័នខ្លួន។

៨៖ បានបញ្ចប់ការរៀបចំផែនទីបង្ហាញផ្លូវសន្តិសុខសាយប័រ (Cybersecurity Roadmap) រួមបញ្ចូលទាំងផែនការយុទ្ធសាស្ត្រផងដែរ ដើម្បីការពារប្រព័ន្ធសន្តិសុខសាយប័រ របស់រាជរដ្ឋាភិបាល និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។

ឆ្លៀតឱកាសនេះ លោក សូ វិសុទ្ធី ក៏សូមអបអរសាទរ ដល់បេក្ខជនទាំងអស់ ដែលបានចូលរួម ក្នុងកម្មវិធីប្រកួតប្រជែងនេះ។

លោកសូមកោតសរសើរ ការខិតខំរបស់ VW Software Technologies និង មជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាអាមេរិកាំងភ្នំពេញ ក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យសន្តិសុខសាយប័រ ដោយបានរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់នេះ។

គូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង ក្នុងវិស័យសន្តិសុខសាយប័រ Capture the Flag (CTF) ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថល ក្នុងវិស័យសន្ដិសុខសាយប័រ ដោយបានផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង តាមរយៈការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ។

ក្នុងនោះដែរ កម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ បានផ្ដល់ឱកាសដល់បេក្ខជន ដែលបានចូលរួមទាំងអស់ ដើម្បីសាកល្បងចំណេះដឹង និងជំនាញរបស់ខ្លួន ក៏ដូចជាការបង្កើនទំនាក់ទំនងជាមួយអ្នកដឹកនាំ និងស្ថាប័ននានា៕

0 comments:

Post a Comment