-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, December 20, 2024

មន្ត្រីក្រសួងវប្បធម៌ បកស្រាយពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួន សាវង្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន បានបកស្រាយពីពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គមខ្មែរ។

ក្រមា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

បើតាមលោក ហួន សាវង្ស អ្នកស្រាវជ្រាវយល់ថា ក្រមា ជាពាក្យកម្ចីពីភាសាពែរ្ស (Persian) ចូលមកសង្គមខ្មែរ ប្រហែលក្រោយសតវត្សទី១៤ ហើយពាក្យនេះ ច្រើននិយាយតែអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្នុងរចនានុក្រមខ្មែរពន្យល់ថា ក្រមាជាសំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក (ជួន ណាត, ១៩៦៧, ទំ. ២៤)។ សព្វថ្ងៃពាក្យក្រមា បានជ្រួតជ្រាប និងប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែអ្នករស់នៅជនបទ មានពាក្យហៅសំដៅលើក្រមាថា កន្សែង ឆ្នូត សំពត់ដណ្តប់ ឬផាហ៊ុម។

ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។

ក្រមាមានភស្តុតាងជាច្រើន ដូចជា តាមរយៈចម្លាក់ គំនូរ និងក្នុងអក្សរសិល្ប៍ជាដើម។ ភស្តុតាងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, ចម្លាក់នៅប្រាសាទបាយ័ន្ត តំបន់អង្គរ ខេត្តសៀមរាប ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ជាការប្រើប្រាស់ក្រមាប្រចាំថ្ងៃដែលជាងចម្លាក់នាសម័យកាលនោះ យកមកធ្លាក់។ ភស្តុតាងគំនូរនៅថែវវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង, វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង, វិហារវត្តព្រះស៊ីសុវត្ថិរតនារាម ខេត្តកណ្តាល, វិហារវត្តរាជបូព៌ ខេត្តសៀមរាប, និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម។

ភស្តុតាងតាមរយៈសំណេរផ្សេងៗមានច្បាប់ស្រី របស់ម៉ឺនមៃ សម័យកណ្តាល, ច្បាប់ល្បើកថ្មីរបស់ក្រមង៉ុយ ឆ្នាំ១៩២២, ចម្រៀងនិងភ្លេង កន្សែងក្រហម, កន្សែងសូត្រ, កន្សែងបង់ក, បទឱផ្ទៃស្រុកខ្មែរ និងក្នុងចម្រៀងជាច្រើនទៀត។

ក្រៅពីនេះ ក្រមាផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក។ ជាក់ស្តែង នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ អ្នកស្រុកយកក្រមាទៅក្រាលក្នុងពិធីឡើងអ្នកតា ដែលជានិមិត្តរូបនៃស្រែ។

ពិធីផ្លុងក្រឡាន នៅខេត្តសៀមរាប យកក្រឡានដែលធ្វើពីអង្ករស្រូវថ្មីយកទៅគរ ហើយនិមន្តលោកមកគោះយកក្រឡានក្នុងពិធីនោះ។ គេយកក្រមា ក្រាលឲ្យព្រះសង្ឃនិមន្តទស់ ដើម្បីជាអានិសង្ស។

នៅតាមខេត្តមួយចំនួនអ្នកស្រុកយកក្រមាទៅគ្របលើមឈូស កន្លែងខ្លះគេយកទៅគ្របសព ខ្លះនៅពេលបូជាសពហើយ មុននឹងរើសធាតុ គេធ្វើកិច្ចហៅប្រែរូប ហើយយកក្រមាទៅគ្រប។ តំបន់ខ្លះយកក្រមានឹងទៅដាក់ធាតុ ហើយមានកិច្ចមួយចុងក្រោយគេហៅ បំពេធាតុ គេយកក្រមាចងធ្វើដូចអង្រឹង រួចយោលបំពេរ។

ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេស កម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។ ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕


0 comments:

Post a Comment