ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យចូលរួមស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
តាមគេហទំព័រក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា នាព្រឹកនេះ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានចែងយ៉ាងច្បាស់ «ការកែសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវចាប់ផ្តើមនៅព្រឹកបន្ទាប់ពីការប្រឡងប្រជែងជ្រើសរើសត្រូវបានបញ្ចប់»។ ជាក់ស្តែងការប្រឡងប្រជែងដែលទើបតែបញ្ចប់កាលពីម្សិលមិញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕ ដោយ៖ កន ចំណាន
0 comments:
Post a Comment