នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង ៩ក្រុម។
ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិទាំង ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។ ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។ ជាមួយគ្នានេះដែរ ក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។
សូមជម្រាបជូនថា បច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមសមាសភាពក្រុមការងារប្រតិបត្តិរហូតដល់ ៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាពលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ។
0 comments:
Post a Comment