-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, April 20, 2024

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធព្រមទាំងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តច្រើនរូប។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ធំ កំពុងដំណើការ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តហើយ មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធបានចុះបញ្ជីបានចំនួន ៣៨២ភូមិ ក្នុង៣៤ឃុំ ក្នុងនោះ វាស់វែងបាន ៣៦៨,២៦៤ក្បាលដី និងបានចែកប័ណ្ណបាន ៣៣៩,០៥៧ប័ណ្ណ។

ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តបានជំរុញឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយរដ្ឋបាល ក្រុង ស្រុក ក្នុងការចុះវាស់វែងដីដើម្បីធ្វើប័ណ្ណសំគាល់សិទ្ធកាន់កាប់ ប្រើប្រាស់អាស្រ័យផលជូនប្រជាពលរដ្ឋ លើទីតាំងដីដែលបានកាត់ឆ្វៀលពីតំបន់៣ មកតំបន់២ និងទីតាំងតំបន់២ ចាស់ក្នុង ៦ក្រុង ស្រុក ដែលមានផ្ទៃដី សរុបទំហំ១២០,៦៩៥ហិចតា ដែលជាលទ្ធផលវាស់វែងបានចំនួន១៤,២៣០ក្បាលដី ស្មើនឹង ៧០,១៧៩ហិចតា ស្មើនឹង៧,៣៣១គ្រួសារ ស្មើនឹង៥៨.១៥% ដែលមាន០៧ក្រុម ស្មើនឹង១៤៩នាក់ ក្នុងនោះនិស្សិតស្ម័គ្រចិត្ត ២៦នាក់។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋត្រូវខិតខំបំពេញភារកិច្ចនេះ ឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្រ្តី បានបន្តថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់បន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឲឪ៍កាន់តែរឹងមាំ និងរក្សាពូនជ្រំ មរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម។

លោកបន្ថែម ថាដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕

0 comments:

Post a Comment