-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, September 3, 2025

កម្ពុជាគ្រោងដាក់ដំណើរការប្រភពថាមពលដើរដោយខ្យល់ ជាលើកដំបូង អនុភាព ១៥០មេហ្គាវ៉ាត់ នៅខេត្ដមណ្ឌលគិរី ក្នុងឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)​៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការ ជាលើកដំបូង នូវប្រភពដើរដោយខ្យល់ដែលមានអនុភាព ១៥០មេហ្គាវ៉ាត់ នៅខេត្ដមណ្ឌលគិរី ក្នុងឆ្នាំ២០២៦ ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកបណ្ឌិត ប្រាំង ជលសា ធ្វើឡើងក្នុងកម្មវិធីជួបជុំនិវត្ដជនអគ្គិសនីកម្ពុជា ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅទីស្នាក់ការកណ្ដាល នៃអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោកបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងពេលឆាប់ៗនេះ យើងនឹងមានប្រភពដើរដោយខ្យល់ ៩០០មេហ្គាវ៉ាត់ នៅខេត្ដមណ្ឌលគិរី ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ គ្រោងដាក់ដំណើរការដំបូង ១៥០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២៦ ហើយរួមទាំងការអភិវឌ្ឍន៍ ប្រភពកកើតឡើងវិញផ្សេងៗទៀត»។

បន្ថែមពីនោះទៀត លោកបណ្ឌិត ប្រាំង ជលសា បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្ដបានតាមទិសដៅ របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានយ៉ាងតិច៧០ភាគរយ នៃថាមពលស្អាតបៃតង នៅឆ្នាំ២០៣០ និងធ្វើអព្យាក្រិត្យកាបោន នៅឆ្នាំ២០៥០ ជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងភពផែនដី ឲ្យនៅបន្ដស្រស់បំព្រងទៅមុខវែងឆ្ងាយទៀត។

លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងថា នៅពេលបច្ចុប្បន្ន និងតទៅអនាគត កម្ពុជាបានអភិវឌ្ឍន៍យ៉ាងច្រើន នូវប្រភពកកើតឡើងវិញ ជាពិសេសប្រភេទអថេរ ដែលប្រែប្រួលទៅតាមអាកាសធាតុ មិនអាចគ្រប់គ្រងបាន ដូចជា៖ ការផលិតថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម។

លោកបណ្ឌិត ប្រាំង ជលសា បានឲ្យដឹងទៀតថា បន្ថែមជាមួយនឹងការប្រែប្រួល របស់បន្ទុកទៅតាមការប្រើប្រាស់ ក៏មិនអាចគ្រប់គ្រងបានដូចគ្នា រួមទាំងខ្សែបណ្ដាញបញ្ចូនដ៏វែងរាប់រយគីឡូម៉ែត្រ ដែលនឹងបង្កើតបញ្ហាច្រើន នៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីកម្ពុជា។

បើតាមអគ្គនាយកអគ្គិសនីកម្ពុជា, បច្ចុប្បន្នកម្ពុជា មានប្រភពថាមពល ប្រមាណជាង៥ពាន់មេហ្គាវ៉ាត់ ដែលក្នុងនោះ មានថាមពលកកើតឡើងវិញ ជាប្រភពវារីអគ្គិសនី ជីវម៉ាសស្ថានីយ៍ផលិតថាមពល ដោយពន្លីព្រះអាទិត្យជាដើម ប្រមាណ៦០ភាគរយ។

លោកបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់ថា ប្រភពថាមពលនេះ បានផ្គត់ផ្គង់ដល់តម្រូវការអតិបរិមាណ ប្រចាំឆ្នាំ២០២៥ គឺ៣,៣៧១មេហ្គាវ៉ាត់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រព័ន្ធជាតិ ឬសរុបប្រមាណ៣,៤០០មេហ្គាវ៉ាត់ ដោយរួមបញ្ចូលការនាំចូលអគ្គិសនីតិចតូច ពីបណ្ដាលច្រកព្រំដែនវៀតណាម និងឡាវ។

សូមរំលឹកថា គម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្ដមណ្ឌលគិរីនេះ ប្រតិបត្ដិការដោយក្រុមហ៊ុន Blue Circle របស់បារាំង ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការ គម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។

ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុន​បានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ខ្លួន លើ​គម្រោងទាញយកថាម​ពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការ ចាប់ពីឆ្នាំ២០២៦តទៅ៕

0 comments:

Post a Comment