ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ នឹងឈានចូលមកដល់ ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅសៀមរាបអង្គរកាន់តែច្រើន ។តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី អបអរសាទរចំពោះពិធីបុណ្យទន្លេ លើកទី៨ រយៈពេលបីថ្ងៃ នៅលើទឹកដីខេត្តសៀមរាប ដែលបានបញ្ចប់ទៅដោយភាពជោគជ័យ និងមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពោរពេញដោយក្តីសប្បាយរីករាយ។សម្ដេចធិបតីបានបន្តថា ក្នុងខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិ ទៅកម្សាន្ដនៅខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូប ព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី១លានរៀល ដល់៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ។
ការទទួលរូបថត គឺធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ ខែមីនា ដោយផ្ញើទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ហើយក្រុមការងារ នឹងធ្វើការវាយតម្លៃរូបថត ដែលស្អាតជាងគេចំនួន១០សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សាព្វផ្សាយនានា របស់ក្រសួងទេសចរណ៍ ហើយជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ ខណៈព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី២១ ២២ និង២៣ ខែមីនា។
បើយោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនាកន្លងទៅនេះ មានភ្ញៀវទេសចរជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជាង ៣ម៉ឺននាក់៕
0 comments:
Post a Comment