-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, September 11, 2023

រដ្ឋមន្រ្ដីក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្រ្តអាទិភាពស្នូល​ដើម្បីសម្រួចអាទិភាពកំណែទម្រង់​វិស័យអប់រំកម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងអាណត្តិទី៧នេះ ក្រៅពីយទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់​កាលទី​១​ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ នោះ ក្រសួងអប់រំ បាន​បន្ថែម​ពី​លើអាទិភាពស្នូលមួយចំនួនបន្ថែមទៀត ដើម្បីសម្រួច​អាទិភាព​កំណែ​ទម្រង់​វិស័យ​អប់រំ​កម្ពុជា​ឱ្យ​មានការរីកចម្រើន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ តាម​រយៈ​បាឋកថា ស្ដីពី អាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាព ទី១ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១​។ ​នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។

ក្នុង​មុំទី​១ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលពាក់ព័ន្ធជាមួយវិស័យអប់រំ ស្ដីពី «ការ​ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ផងដែរ។ ទី២ ការ​សម្រួច​អាទិភាព​កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨។

ដើម្បី​ធ្វើឱ្យ​កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ ការសម្រួច​អាទិភាព​កំណែទ​ម្រង់វិស័យអប់រំ យុវជន និងកីឡា សម្ដេចធិបតី បានកំណត់ អាទិភាពស្នូល ៤ ចំណុច​ គឺ៖

អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន។

អាទិភាពស្នូលទី២៖ ការ​ពិនិត្យ ​កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​ក្នុង​ការ​ពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។

អាទិភាពស្នូលទី៣៖ ការ​លើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈ​កម្ម​វិធី​អាហា​រូបត្ថម្ភ​ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។

អាទិភាព​ស្នូលទី៤​៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង​សហគមន៍​ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងថា បន្ថែមពីលើអាទិភាពស្នូលទាំង ៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏​បាន​បន្ថែម​ ៤ ចំណុច ទៀតរួមមាន ១៖ ការអប់រំឌីជីថល, ២៖ ការបង្កើត​មជ្ឈមណ្ឌល​ឧត្ដម​ភាព​នៅ​គ្រឹះស្ថាន​ឧត្ដ​មសិក្សា, ៣៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព, ៤៖ ការ​អភិវឌ្ឍការ​អប់រំ​កាយ​ និងកីឡា។

ឯកឧត្តមបញ្ជាក់ថា នៅក្នុងចំណុចទី៣ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និង​គណៈគ្រប់​គ្រង​សាលា​រៀន។ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំ ការបង្កើត​ឱ្យ​មាន​កម្ម​វិធី​លើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ជាកត្តាចាំបាច់បំផុត ដែល​អនុញ្ញាត​ជូនលោកគ្រូ អ្នកគ្រូ អាចបង្កើតគំនិតថ្មីៗពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស តាម​រយៈ​ការ​បង្ហាញ​ពីលទ្ធផលតេស្តរបស់សិស្សជូនដល់សហគមន៍ បង្ហាញ​របាយការណ៍​របស់​សាលា​រៀន​ជូន​ដល់​សហគមន៍ ដើម្បីឱ្យ​មជ្ឈ​ដ្ឋាន​ជុំវិញ​យល់​ដឹង​សារៈ​សំខាន់​នៃ​ការ​សិក្សា​ពី​ព្រោះស​ហគមន៍​ក៏​ជា​ផ្នែក​មួយ​ដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណវុឌ្ឍិផងដែរ។

ឯកឧត្តមបន្តថា គណៈកម្មការជាតិមួយនឹងត្រូវបង្កើតឡើង ដែលដឹកនាំដោយ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាព៕



0 comments:

Post a Comment