-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, July 24, 2023

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកពាក់ព័ន្ធចលនាបំផ្លាញ និងគូសខ្វែងសន្លឹកឆ្នោតចោល ឱ្យប្រញាប់ចេញមកសារភាពជាមួយអាជ្ញាធរនៅកន្លែងដែលកៀកបំផុត

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យអ្នកពាក់ព័ន្ធចលនាបំផ្លាញ និងគូសខ្វែងសន្លឹកឆ្នោតចោល ឱ្យប្រញាប់ចេញមកសារភាពជាមួយអាជ្ញាធរនៅកន្លែងដែលកៀកបំផុត បើមិនដូច្នោះទេ វិធានការផ្លូវច្បាប់នឹងត្រូវបានប្រកាន់យកសម្រាប់អ្នកទាំងនោះ។
ក្នុងសារជាសំឡេងតាមតេឡេក្រាមនាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះយើងបានដំណើរការបោះឆ្នោតនៅក្របខ័ណ្ឌទូទាំងប្រទេស ជាមួយនឹងការរារាំងនៃក្រុមជ្រុលនិយម ដើម្បីកុំឱ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែលទ្ធផលដែលយើងបានឃើញមកដល់ពេលនេះ ដែលទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបណ្ដោះអាសន្ន ចំនួនប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតទៅដល់ ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត។
បើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំ សង្កាត់ ដែលមានប្រជាជនឆ្នាំ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន ៨០,៣២% ក្នុងពេលដែលបក្សភ្លើងទៀន ពេលនោះចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀន និងមេអ្នកបង្កើតភ្លើងទៀនអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ សម្ដេចតេជោបន្តថា ពីមុនភ្លើងទៀនចូលរួមការបោះឆ្នោត ដែលមានការលើកទឹកចិត្តពីសំណាក់ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ៨០,៣២%។
ឥឡូវនេះ ពេលដែលភ្លើងទៀន ដោយមានការដឹកនាំពីខាងក្រៅដែលជាអ្នកបង្កើតភ្លើងទៀន បានអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោត និងទៅគូសសន្លឹកឆ្នោតចោល ប៉ុន្តែបែរជាមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតរហូតដល់ទៅជាង ៨៤%ទៅវិញ។ សម្ដេចតេជោគូសបញ្ជាក់ថា ចំណុចទាំងនេះយើងអាចសនិដ្ឋានបានថា ប្រជាពលរដ្ឋគឺបានចូលរួមក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់។
ប្រជាពលរដ្ឋពិតជាចង់បានទទួលនូវសេចក្ដីសុខសេចក្ដីចម្រើន ជាមួយនិងដំបូលសន្តិភាព ដែលបាននិងកំពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ឥឡូវនេះ ប្រៀបធៀបចំនួនប្រជាជនចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលុប ដែលច្រើនលើសការបោះឆ្នោតដែលមានបក្សភ្លើងទៀនចូលរួមទៀតផង។
ឥឡូវយើងរង់ចាំមើល ថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតគាំទ្រពួកគេ។ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក ឯអត្រាសន្លឹកឆ្នោតមោឃៈ ដូចជា ការគូសខុស គឺវាជារឿងធម្មតា ដែលមានកម្រិតប្រមាណជា ២% ប៉ុន្តែយើងបានឃើញហើយ នៅក្នុងឆឺណែលតេឡេក្រាម ដែលហៅថា សប្បាយតេឡេក្រាម គឺយើងបានឃើញគេបោះគំរូ ហើយគេផ្ញើទៅកាន់ប្រធានរបស់គេនៅទីក្រុងប៉ារីសតែម្ដង។
សម្ដេចតេជោបានគូបញ្ជាក់បន្ថែមទៀតទៅខាងក្រុមប្រឆាំងឱ្យបានជ្រាបថា «យប់មិញនេះអស់លោកបានដំណើរការ នៅឆឺណែលតេឡេក្រាម ដើម្បីលើកទឹកចិត្តឱ្យមានការគូសសន្លឹកឆ្នោតចោល ដោយមានសេចក្ដីក្លាហាន ហើយបញ្ជូនសន្លឹកឆ្នោតនោះទៅកាន់មេដឹកនាំនៅឯទីក្រុងប៉ារីស»។ សម្ដេចតេជោ ថ្លែងថា« ខ្ញុំក៏បានចូលមើល ហើយក៏បានចូលទៅខមិននៅក្នុងតេឡេក្រាមរបស់អស់លោកអ្នក»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ឥឡូវអស់លោកអ្នកទាំងនោះ គឺយើងស្គាល់មុខអស់ហើយអ្នកនៅក្នុងប្រទេស ក៏ប៉ុន្តែសម្ដេចសុំស្នើកុំឱ្យមានការភ័យខ្លាច អ្នកអាចចេញមកធ្វើការសារភាពជាមួយនិងអាជ្ញាធរ ជាមួយនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះការចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលត្រូវតែផ្ដន្ទាទោស។ អ្នកដឹងខ្លួន សូមឱ្យប្រញាប់ប្រញាល់ចេញមកសារភាព ជាមួយនឹងអាជ្ញាធរនៅកន្លែងដែលកៀកបំផុត។ បើមិនដូច្នោះទេ វិធានការផ្លូវច្បាប់នឹងត្រូវបានប្រកាន់យកសម្រាប់អ្នកទាំងនោះ។
សម្ដេចតេជោគូសបញ្ជាក់ទៀតថា ឆឺណែលតេឡេក្រាម សប្បាយតេឡេក្រាមរបស់អ្នក មិនអាចបិទបាំងបានទេ ហើយឥឡូវនេះមុខសញ្ញាទាំងឡាយ ដែលមាននៅក្នុងតេឡេក្រាមទាំងនោះ ហើយខមិនក្នុងតេឡេក្រាមទាំងនោះ យើងបានចូលទៅហើយៗ អ្នកក៏អាចបានឃើញថា មានខមិនខ្លួនខ្ញុំចំនួន៤ខមិន ចូលទៅក្នុងទីនោះដែរ។ អ្នកមិនអាចលាក់នូវអ្វីដែលជាការប៉ុនប៉ងបំផ្លាញរបស់អ្នកនោះទេ ហើយសុំអ្នកទាំងឡាយដែលមានការពាក់ព័ន្ធកុំរត់ចោលស្រុកអី សូមប្រញាប់ចេញមកសារភាពទទួលយកនូវកំហុស ដែលខ្លួនប្រព្រឹត្តតាមមេដឹកនាំជាឧទ្ទាមក្រៅច្បាប់ ដែលគេបានប្រកាសថា សន្លឺកឆ្នោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតរបស់គេ។ ដូច្នេះយើងចង់បែងចែកឱ្យដាច់។ សម្ដេចតេជោ សង្ឃឹមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបែងចែកឱ្យដាច់រវាងសន្លឹកឆ្នោតមិនបានការ ដែលកើតឡើងធម្មតាជារៀងរាល់ពេល ជាមួយនឹងសន្លឹកឆ្នោតគូសខ្វែង ព្រោះពួកគេកំណត់ថាសន្លឹកឆ្នោតគូសខ្វែង គឺជាសន្លឹកឆ្នោត បោះឆ្នោតឱ្យហមេដឹកនាំជ្រុលនិយម។
ឥឡូវនេះ ប្រជាពលរដ្ឋមានដល់ជាង៨៤%នៃការទៅបោះឆ្នោត សម្ដេចតេជោមានប្រសាន៍ទៀតថា ឥឡូវយើងកំពុងរង់ចាំមើលសន្លឹកឆ្នោតគូសខ្វែងនេះមានប៉ុន្មានសន្លឹក ក្នុងចំណោមសន្លឹកឆ្នោត ៨ ១៧៧ ០៥៣ សន្លឹក ដែលបានបោះនៅគ្រប់ទីកន្លែង ហើយសរុបជាភាគរយ ៨១,២១% (នេះជាតួលេខបណ្ដោះអាសន្នតែប៉ុណ្ណោះ តួលេខនេះអាចមានការផ្លាស់ប្ដូរ)។
ដូច្នេះយើងក៏ចង់ដឹងថា តើយើងដឹងពិតប្រាកដហើយនៃអ្នកទៅបោះឆ្នោត ដែលមិនព្រមស្ដាប់នូវក្រុមប្រឆាំង ប៉ុន្តែបែរជាគាំទ្រ នៅដំណើរការប្រជាធិបតេយ្យរបស់ប្រជាជន គាំទ្រនូវការអំពាវនាវរបស់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង គាំទ្រនូវការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគាំទ្រការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីប្រជាជនចេញទៅធ្វើការបោះឆ្នោត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអរគុណចំពោះជនរួមជាតិ ដែលបានចេញទៅបំពេញភារកិច្ចក្នុងឋានៈជាម្ចាស់ប្រទេស ម្ចាស់ទឹកដី ហើយក្នុងឋានៈជាអ្នកអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ឆ្លងតាមរយៈនៃការបោះឆ្នោត។ទង្វើនេះ បានធ្វើឱ្យពួកក្រុមជ្រុលនិយម ដែលមានការប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដាច់ផ្ងារតែម្ដង។ សូមពួកក្រុមជ្រុលនិយមទាំងឡាយសម្លឹងឱ្យច្បាស់ វិភាគឱ្យច្បាស់នូវភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា។ សម្តេចតេជោបន្ថែមថា ភាពខ្លាំងរបស់ប្រជាជនកម្ពុជា គឺមិនទុកឱ្យក្រុមបោកប្រាស់ ក្រុមបំផ្លាញដើម្បីបំផ្លាញប្រទេសជាតិនោះទេ៕ដោយ៖ ជឹម ណារី
 


0 comments:

Post a Comment