-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, January 13, 2023

សម្តេចក្រឡាហោមណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់ លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋដែលអាចចូលរួមយ៉ាងជិត ស្និទ ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោមបានថ្លែងថា វិស័យព័ត៌មាន ត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មិនតែប៉ុណ្ណោះ ព័ត៌មានក៏គឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបានដាក់ចេញឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។ មានន័យថា «ព័ត៌មាន» ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិ មាតុភូមិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមការលំបាក ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីទុកជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។

សម្ដេចក៏បានបង្ហាញការសង្កេតឃើញថា កន្លងមកនេះ មានតំណាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិបានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និង តាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃរបស់អង្គភាព និងស្ថាប័នរបស់ខ្លួនជូនចំពោះប្រជាពលរដ្ឋ។

នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ឱ្យអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវតែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និទជាមួយនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និទ ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនិងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀបចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ លោកស្រី ធីណា ឌីណេ, សម្រួលការផ្សាយដោយ៖dara


0 comments:

Post a Comment