ឆ្នាំ២០២២នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិន ឆ្នាំ២០២៣ ឱ្យទទួលបានជំនាញច្បាស់លាស់ ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ កាលពីថ្ងៃទ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧, ៨, ៩ ព្រមទាំងយោធាចារ្យ កម្មសិក្សាការី នាយទាហាន និងនាយទាហានរង ជាច្រើនរូបទៀត ។
លោកវរសេនីយ៍ត្រី ផល ឌី នាយការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពកងពលធំអន្ត រាគមន៍លេខ៣ បានលើកឡើងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ កងពលធំអន្តរាគមលេខ៣ បានកំណត់ច្បាស់អំពីសកម្មភាពយោធាក្នុងបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត ដោយចាត់ទុកការងារហ្វឹកហ្វឺន គឺជាការងារអាទិភាពចាំបាច់ ត្រូវដំណើរការជាប្រចាំដូចភ្លៀងរលឹម។ សំដៅបង្កើនចំណេះដឹង ចំណេះធ្វើ ក៏ដូចជាសកម្មភាពប្រយុទ្ធរបស់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលធំអន្តរាគមន៍លេខ៣ទាំងមូល តាមគោលការណ៍ដឹកនាំអនុវត្តឆ្នាំ២០២២។ ពង្រឹងខ្សែរយៈដឹកនាំបញ្ជាការងារហ្វឹកហ្វឺនឱ្យបានរឹងមាំ បំប៉នយោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញតាមផែនការ ពង្រឹងយោធាចារ្យ និងគ្រូបង្គោលតាមបណ្ដាកងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ៣ ។ បន្តកសាងទីលានបាញ់គ្រាប់ពិត ដែលត្រូវកែសម្រួលថ្មីរបស់កងពលធំអន្តរាគមន៍លេខ៣ ដោយអនុវត្តតាមផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ របស់រដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺន គឺដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់នាយទាហាន នាយទាហានរង និងពលទាហាន អ្វីដែលសំខាន់ គឺដើម្បីបង្កើនសមត្ថភាព ជាមេបញ្ជាការ ជាអ្នកដឹកនាំ ថ្នាក់ក្រុមកងអនុសេនាតូច កងអនុសេនាធំ ត្រូវចេះគ្រប់គ្រងស្ថានការណ៍ និងចាត់តាំងប្រុងប្រៀបមុន និងក្រោយពេលប្រយុទ្ធ ចល័តរកភូមិសាស្ត្រ សំដៅលើទិសប្រយុទ្ធ ដើម្បីធានាបានប្រៀបឈ្នះលើខ្មាំងសត្រូវ ក្នុងការការពារទីតាំងក្នុងតំបន់ភូមិសាស្ត្រ ដែលកំពុងឈរជើង និងការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និងអនាគត ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានក្រើនរម្លឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ និងទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឱ្យបានដាច់ខាត ៕
0 comments:
Post a Comment