-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, November 11, 2022

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូល របស់អាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ។ ពិធីដ៏មហោឡារិកនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត អញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ាន រយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ។

បន្ទាប់ពីពិធីទាំងពីរខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋាភិបាល សមាជិកអាស៊ាន អញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។

នៅពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥,
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។

ក្រៅតែពីកិច្ចប្រជុំខាងលើទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួប នៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧។

ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួន ហើយ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ បញ្ហាទាំងនោះរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់នៅពេលទទួលបានញញួរជាប្រធានអាស៊ានថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំដឹកនាំអាស៊ាន ឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និង បរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ, និង សហគមន៍មួយ ។

សម្តេចតេជោ ក៏បានគូសរំលេចពីអាទិភាពការងារមួយចំនួន ដែលត្រូវបំពេញផងដែរ។

ទី១) សសរស្ដម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និង ទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏ត្រូវមានភាពធន់និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតកើនឡើង, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន, ភេរវកម្ម, ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ។ល។ ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។

ទី២) សសរស្ដម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្តើមនិង វិធានការ ដែលបានឯកភាពគ្នា និង ទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និង ធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និង ការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសខ្នាតមីក្រូ , តូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ព្រមទាំងការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។

ទី៣) សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និង យុវជន នៅក្នុងការរក្សា និង កសាងសន្តិភាព និង ការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ អាទិភាពសំខាន់មួយទៀតគឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និង ប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ ។ជារួម, កម្ពុជានឹងបន្តកៀរគរការគាំទ្រ និង កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ក៏នឹងជំរុញផងដែរនូវដំណើរការរៀបចំ ទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥ ។

សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្ដេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល៕



0 comments:

Post a Comment