កំពង់ឆ្នាំង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅថ្ងៃ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពនិត្យលទ្ធផលការងារអនុវត្តន៍កន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបា លខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឧត្តមសេនីយ៏ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុក អធិការ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលជាច្រើននាក់ផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា លទ្ធផលការងារអនុវត្តន៍កន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត ដោយបានដាក់វិធានការយ៉ាងម៉ឹងម៉ាត់ដល់លោកអភិបាលក្រុង ស្រុក ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ-ចៅសង្កាត់ ជាអ្នកគ្រប់ គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសឡូតូ កន្ទុយលេខ និងតាមអនឡាញជល់មាន់ជាបន្ទាន់ តាមបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។
ឯកឧត្តបន្តថា ការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តន៍មាន៖ បង្ក្រាបល្បែងស៊ីសងនេះ បើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំ ចៅសង្កាត់ត្រូវទទួលខុសត្រូវជាមួយស្រុក ក្រុង ហើយក្រុង ស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះមុខសម្តេចប្រមុខរាជរដ្ឋាភិបាល។ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ត្រូវតែដឹកនាំបង្ក្រាបឱ្យអស់ បើឃុំ-សង្កាត់ ក្រុង ស្រុក ណាមិនបានអនុវត្តន៍ គឺត្រូវទទួលខុសត្រូវចំពោះមុខសម្តេចប្រមុខរាជរដ្ឋាភិបាល ។
ត្រូវយកចិត្តទុកដាក់បន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព អភិបាលក្រុង ស្រុក ត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ប្រជាការពារ និងមេភូមិ ត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់សមត្តកិច្ចពាក់ព័ន្ធ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណហួសសុពលភាពឱ្យបានទាន់ពេលវេលាមុនពេលចុះឈ្មោះបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ។ ការអភិវឌ្ឍភូមិឃុំ សង្កាត់ អភិបាលក្រុង ស្រុក ត្រូវជំរុញឱ្យមេភូមិធ្វើផែនទីនៅតាមភូមិ រយៈពេលមួយអាទិត្យទៀត ត្រូវមានលទ្ធផលរាយការណ៍មកខេត្ត ។ ឯកឧត្តមបានដាក់ចេញនូវការកែរលម្អ រៀបចំសោភណភាព និងសួនច្បារនៅតាមសាលាឃុំ-សង្កាត់ និងសាលាក្រុង ស្រុកឱ្យ បានតាមការណែនាំកន្លងមក ។ ជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់ដូស។ ត្រូវបន្តដោះស្រាយទំនាស់នានា ដែលនៅសេសសល់តាមមូលដ្ឋាន ឱ្យអស់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សំណុំរឿងណាដែលដោះស្រាយមិនចេញ ត្រូវបញ្ជូនទៅតុលាការ ។
ត្រូវរៀបចំផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយ ដោយកំណត់ឱ្យថ្នាក់ឃុំ សង្កាត់ ត្រូវមានអង្ករស្តុកទុកក្នុង១ឃុំ ៥តោន, ថ្នាក់ក្រុង ស្រុក ៥០តោន និង ថ្នាក់ខេត្តត្រូវមាន ៤០០តោន។រៀបចំផែនការបុណ្យអុំទូកថ្នាក់ខេត្ត និងប្រជុំពិភាក្សា ជាមួយថ្នាក់ក្រុង ស្រុករៀបចំធ្វើនៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង។ ក្រុង ស្រុកត្រូវជួសជុលទូកសម្រាប់អុំប្រណាំងឡើងវិញ តាមមន្ទីរអង្គភាពត្រូវត្រៀមរៀបចំធ្វើប្រទីបបណ្តែត តាំងភ្លើងបំភ្លឺ និងបាញ់កាំជ្រួចអបអរសាទរ ក្នុងឱកាសបុណ្យអ៊ុំទូកបណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ខាងមុខនេះផងដែរ។
នៅចុងបញ្ចប់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភថវិកាដល់លោកមេឃុំ -ចៅសង្កាត់ទាំង៧១ឃុំ-សង្កាត់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, ឧបត្ថម្ភដល់ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ ៥គោលដៅ ក្នុង១គោលដៅៗ ១ ០០០ដុល្លារអាម៉េរិក, ឧបត្ថម្ភដល់ស្នងការនគរបាលខេត្តរៀបចំប្រព័ន្ធវិទ្យុងទាក់ទង ជាមួយភូមិ ឃុំ ១ម៉ឺនដុល្លារអាម៉េរិកផងដែរ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ ដារា
0 comments:
Post a Comment