-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, July 19, 2022

ជប៉ុន អះអាងជាថ្មីពីការគាំទ្រយ៉ាងពេញលេញ សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ; ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ជប៉ុន បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ការធានាអះអាងត្រូវបានធ្វើឡើង ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

យោងតាម ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ និងការពិភាក្សាជាមួយគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។

នៅក្នុងក្របខ័ណ្ឌទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC + Japan) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២ វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ ក៏ត្រូវបានពិភាក្សាដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ ខណៈដែលឯកឧត្ដមឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មីចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕

0 comments:

Post a Comment