មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ស្រុក លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន ០៨ រួមមាន៖ វត្តរតនមនោសុទ្ធារាម `ហៅវត្តកែវសីមា` វត្តសុវណ្ណសាមគ្គីមុនិសត្ថារាម (ហៅវត្តត្រពាំងផ្អេ) វត្ត នវគិរីសុវណ្ណរាម (ហៅវត្តព្រៃមាស) វត្ត សុវណ្ណរាម (ហៅវត្តមេម៉ង់) វត្ត គិរីថេរាម (ហៅវត្តរណែងក្រៅ) វត្ត បទុមវ៉ារីខេត្តារាម (ហៅវត្តទឹកធ្លាក់ស្រែឈូក) វត្ត សុទ្ធាបុញ្ញខេត្តារាម (ហៅវត្តស្រែព្រះ) និងវត្ត ខេមរាបុប្ផារាម (ហៅវត្តថ្មី) ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិធីប្រគេនទៀនវស្សានេះធ្វើឡើងនៅ វត្តរតនមនោសុទ្ធារាម `ហៅវត្តកែវសីមា` ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្រ្ទផល និងឯកឧត្តម ថង សាវុន បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេច បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងស្ថិរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ឯកឧត្តមបញ្ជាក់ថា នៅទីវត្តអារាមមិនត្រឹមតែបម្រើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណី និង ជាថ្នាលសម្រាប់បណ្តុះធនធានមនុស្សផងដែរ។ ឯកឧត្តម បានអំពាវនាវ ប្រគេនដល់ព្រះសង្ឃ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺផ្សេងៗ ជាពិសេស ជំងឺ COVID-១៩ ប្រភេទថ្មីអូមីក្រុង និងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំឱ្យបានជាប់ជាប្រចាំ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាព ស៊ាំ ក្នុងសហគមន៍ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា សម្រាប់ទេយ្យទាន និងបច្ច័យដែលប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ០៨វត្ត ដោយវត្តនីមួយៗ ទទួលបានរួមមាន៖ ទៀនវស្សា ២គូ អង្ករ ១០០គីឡូក្រាម រួមទាំងសម្ភារៈជាគ្រឿងឧបភោគ បរិភោគជាច្រើនមុខ និងថវិកា ៩០ម៉ឺនរៀល ក្នុងនោះ មានទេយ្យទាន និងបច្ច័យរបស់រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តមណ្ឌលគិរីផងដែរ៕
0 comments:
Post a Comment