លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ “ការរស់នៅរបស់បុគ្គលគ្រប់ៗរូប គឺពឹងផ្អែកទៅលើការបរិភោគម្ហូបអាហារដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់ ក៏ដូចជាការថែបំប៉នសុខភាពផងដែរ។ ខ្ញុំសូមជម្រាបបន្ថែមថា សុវត្ថិភាពចំណីអាហារគឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់រក្សាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋទូទៅ។ ចំពោះការបរិភោគចំណីអាហារដោយមិនបានអនុវត្តត្រឹមត្រូវនូវគោលការណ៍អនាម័យ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាពចំណីនេះ នោះវានឹងផ្តល់នូវផលប៉ះពាល់ធំមកដល់សុខភាពរបស់យើងគ្រប់គ្នា នឹងអាចឈានទៅរកការបាត់បង់ជីវិតផងដែរ។ មានករណីជាច្រើនមានដូចជា ការពុលចំណីអាហារ ការពុលស្រា ដែលកន្លងមកនេះធ្លាប់បានជួបប្រទះរួចហើយ ដែលករណីខ្លះបានបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ដែលមិនអាចជួយសង្គ្រោះទាន់”។
លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា ការរក្សាបាននូវចំណីអាហារសម្រាប់បរិភោគប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ក៏ជាចំណុចមួយទៀតដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីថែរក្សាសុខភាព។ ដោយឡែកចំពោះការដាំដុះបន្លែ និងផ្លែឈើ ក៏ដូចជាដំណាំផ្សេងៗ ត្រូវអនុវត្តតាមបែបធម្មជាតិ គឺប្រើជីធម្មជាតិ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីក៏នឹងមិនត្រូវយកមកប្រើប្រាស់ដើម្បីរក្សាម្ហូបអាហារ ផ្លែឈើ។ល។ ដើម្បីរក្សានូវភាពស្រស់ស្អាតបានយូរ ប៉ុន្តែបានបំផ្លាញគុណភាពម្ហូបអាហារ និងផ្លែឈើទាំងនោះ ហើយដែលនឹងបណ្តាលឱ្យអ្នកបរិភោគជួបប្រទះនូវបញ្ហាសុខភាពនៅពេលទទួលទាន។
បន្ថែមពីលើនេះ ការប្រើប្រាស់ជីគីមីដើម្បីសម្លាប់សត្វល្អិត ការប្រើសប្រាស់ដើម្បីឱ្យដំណាំឆាប់ធំ និងឆាប់ឱ្យផល ដោយមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនៃការប្រើប្រាស់ ជាកត្តាហានិភ័យមួយទៀតផងដែរសម្រាប់សុខភាពបុគ្គលដែលនឹងទទួលទានដំណាំទាំងនោះ រួមទាំងអ្នកប្រើប្រាស់ខ្លួនឯងផងដែរ។
ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះការបរិភាគចំណីអាហារប្រចាំថ្ងៃរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវនូវស្តង់ដារសុវត្ថិភាពចំណីអាហារ ចៀសវាងការបរិភោគម្ហូបអាហារដែលហួសសុពលភាព អាហារដែលមិនមានសុវត្ថិភាពល្អ និងអាហារដែលទុកយូរពេកជាដើម។ បន្ថែមពីលើនេះ ការរក្សាអនាម័យដៃស្អាតមុនពេលបរិភោគ ក៏ជាកត្តារួមផ្សំដ៏ធំផងដែរ ដែលគួរមាតាបិតា ឬអាណាព្យាបាល ណែនាំបុត្រធីតារបស់ខ្លួនត្រូវសំអាតដៃឱ្យបានស្អាតសិន មុនពេលទទួលទានអាហារ ហើយអ្នកដែលធ្វើម្ហូបត្រូវលាងសម្អាតម្ហូបអាហារឱ្យបានស្អាត ហើយត្រូវចំអិនឱ្យបានឆ្អិនល្អ។
ពាក់ព័ន្ធនឹងការថែរក្សាម្ហូបអាហារវិញ លោកជំទាវវេជ្ជបណ្ឌិត បានណែនាំថា ៖ “ក្នុងករណីដែលចង់រក្សាទុកម្ហូបអាហារឱ្យត្រជាក់ សូមរក្សាទុកក្នុងសីតុណ្ហភាពក្រោម ៥អង្សារ ប្រសិនបើចង់ឱ្យម្ហូក្តៅ សូមរក្សារទុកក្នុងសីតុណ្ហភាពលើសពី ៦០អង្សារ។ កត្តាសំខាន់មួយទៀតនេះ គឺការបរិភោគម្ហូបអាហារ ឬសាច់ឆៅជាដើម
ហើយចំពោះការបរិភោគសាច់សត្វព្រៃវិញ គឺជាកត្តាដ៏គ្រោះថ្នាក់ផងដែរចំពោះសុខភាព ព្រោះថាសត្វព្រៃភាគច្រើនផ្ទុកនៅមេរោគដែលបានបន្សាំខ្លួននៅក្នុងខ្លួនសត្វទាំងនោះ ហើយអាចចម្លងមេរោគមកយើងទាំងអស់គ្នាបាន”៕ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ ដារ៉ា
0 comments:
Post a Comment