-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, May 13, 2022

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី

ចំនួនអ្នកទស្សនា: Views

 



 រដ្ឋធានីវ៉ាស៊ីនតោន: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារដើម្បីត្រៀមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Muhammad Lutfi ក៏ដូចជារដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលតែងតែគាំទ្រកម្ពុជាក្នុងពេលកន្លងមក និងជាពិសេសនៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម Muhammad Lutfi ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន រួមមាន កិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគនិងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕

សម្រួលផ្សាយ៖ dara

0 comments:

Post a Comment