ភ្នំពេញ ៖ ថ្ងៃទី០៧ ខែមករា ឆ្នំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ខែមករា ឆ្នាំ២០២១ ដែលជាការតបតាមការអញ្ជើញរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។ បើយោងតាមក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអមដំណើរដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្ដម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
គួរបញ្ជាក់ដែរថា ក្នុងដំណើរទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកទៅជាមួយនូវជំនួយជាលើកទី៣ ជូនដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ ជំនួយទាំងនោះរួមមាន ម៉ាសចំនួន៣លាន ម៉ាស់ N95 ចំនួន២សែន វែនតាការពារ ចំនួន១សែន សម្លៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់ ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។ នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈជំនួយលើកទី១ បានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត និងជំនួយលើកទី២ ត្រូវបានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមាន ថវិកា ២០ម៉ឺនដុល្លារអាម៉េរិក និងបរិក្ខារពេទ្យមួយចំនួនទៀត រួមមាន ម៉ាសចំនួន ៣លាន ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០ ០០០ សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ ០០០ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។ ទន្ទឹមនេះដែរ កាលពីខែសីហា ឆ្នាំ២០២១នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBem9WQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--419cfaf56ca9046dbb750365f13a3e656bcba806/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-01-07_08-46-36.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBendWQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a5b337d6a272055c52c15192ce4e694db4a500a1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-07_08-46-47.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBenNWQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--89c2b7261938b18f1294267166081076d44f2ae5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-07_08-46-40.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBejBWQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--10874f008c48a26fbc7e16a45350b537c7b34e6f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-07_08-46-50.jpg)
0 comments:
Post a Comment