Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Saturday, January 8, 2022

សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះបទឈប់បាញ់ និងការបញ្ឈប់រាល់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views

  


 ភ្នំពេញ៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រចំពោះបទឈប់បាញ់ និងការបញ្ឈប់រាល់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចបានចាត់ទុកថា ទង្វើទាំងនេះ គឺក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ (នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលចេញផ្សាយរបស់ក្រសួងការបរទេសនាយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា)។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។ ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបាន សម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តមនាយឧត្តមសនីយ៍ជាន់ ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តន៍បទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ឱ្យមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុង ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព,សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានា ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋ ភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣ ២០០ ០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០ ០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារ បរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ដារា


0 comments:

Post a Comment