ព្រះវិហារ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បាន អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ សរុបចំនួន១៣២នាក់ ត្រូវផ្ទេរចេញពីក្របខណ្ឌ ក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា ក្នុងផែនការឆ្នាំ២០២១នេះ ។
លោកវរសេនីយ៍ឯក គន់ ប៊ុនប៉ាក់ នាយការិយាល័យទី១ កងពលធំអន្តរាគមន៍លេខ៣ បានរាយការណ៍ជូនគណៈអធិបតី ក៏ដូចជាអង្គពិធី ទាំងមូលថាៈក្នុងផែនការឆ្នាំ២០២១នេះ យោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ និងយោធិនពិការ មានចំនួនសរុប ១៣២នាក់ នៅក្នុង ១៣២នាក់នេះ យោធិនចូលនិវត្តន៍មានចំនួន៩១នាក់និងយោធិនពិការចំនួន៤១នាក់ ដែលក្នុងនេះមានៈថ្នាក់ឧត្តមសេនីយ៍ឯក៤រូប, ឧត្តមសេនីយ៍ទោ ៣រូប, ឧត្តមសេនីយ៍ត្រី ១រូប, វរសេនីយ៍ឯក ៦រូប, វរសេនីយ៍ទោ ១៨រូប, វរសេនីយ៍ត្រី ១០រូប, អនុសេនីយ៍ឯក ១១រូប, អនុសេនីយ៍ទោ ៩រូប, អនុសេនីយ៍ត្រី ១៥រូប, នាយចំណង់ ៥៤រូប, ពលបាលឯក ចំនួន១រូប ។
លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ថា ៤០ឆ្នាំកន្លងមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវបាន ដាក់ឲ្យចូលនិវត្តន៍ និងពិការ បានធ្វើពលិកម្មយ៉ាងច្រើន ក្នុងការបំពេញភារកិច្ច ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និង ការឯកភាពជាតិពេញលេញនាពេលនេះ។
បើទោះបីជាបងប្អូនត្រូវផ្ទេរចេញពីក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្តី តែគំរូវីរភាពដ៏ល្អផូរផង់នេះ នឹងបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។
ថ្វីត្បិត ឯកឧត្តម អស់លោក បានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ត យកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាលៈទេសៈដល់បងប្អូនអតីតយុទ្ធជនជានិច្ច។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានធ្វើការសំណូមពរទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអង្គភាពទាំងអស់ ត្រូវខិតខំ យកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ចំពោះសុខទុក្ខនិងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនយោធិន រួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួម ចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែសម្បូរសប្បាយជឿនលឿន ថែមទៀត៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
0 comments:
Post a Comment