-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 30, 2021

អភិបាលខេត្ត ចូលរួមអបអរខួបលើកទី៣នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views



កណ្ដាល: ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១

នារសៀលថ្ងៃ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តស្វាយអណ្ដែត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តខេត្តកណ្ដាល បានអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសហការគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ល្ខោនខោល វត្តស្វាយអណ្ដែត ឱ្យបានឋិតថេរគង់វង្សតរៀងទៅ ដើម្បីទុកជាអត្តសញ្ញាណ និងកិត្យានុភាពជាតិ ហើយត្រូវចងចាំថា " កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប " ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បុព្វបុរសដូនតារបស់យើង បានខិតខំប្រឹងប្រែង ថែរក្សា និងការពារ នៅគ្រប់សម័យកាលទាំងអស់ ដើម្បីឱ្យកូនខ្មែរស្គាល់អំពីតម្លៃរបស់ខ្លួន និងបានផ្សព្វផ្សាយអំពីកេរដំណែល ព្រលឹងជាតិ អត្តសញ្ញាណជាតិ ទៅដល់ឆាកអន្តរជាតិ ដូច ពាក្យស្លោកមួយពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ក្នុងនាមយើងទាំងអស់គ្នា ជាកុលបុត្រ កុលធីតា របស់ដូនតាខ្មែរ ត្រូវតែរួបរួមសាមគ្គីគ្នា ខិតខំការពារឱ្យបាននូវសម្បត្តិវប្បធម៌ជាតិ ។ ព្រោះជាព្រលឹងរបស់ជាតិ ដែលអាចបង្ហាញឱ្យពិភពលោក បានស្គាល់ពីអត្តសញ្ញាណ អរិយធម៌របស់ខ្មែរ អំពីទឹកដីដ៏បវរដែលជាទឹកដីសម្បូរទៅដោយជីជាតិ ,ផល្លានុផល និងដំណាំហូបផ្លែគ្រប់ប្រភេទ ប្រកបដោយសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌរូបី និងអរូបី របស់អង្គការយូណេស្កូ ពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ដោយតាគ្រុឌ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក, និង ល្ខោនខោល វត្តស្វាយអណ្ដែត ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា




0 comments:

Post a Comment