-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, September 2, 2021

ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត SOP តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានដាក់ឱ្យអនុវត្ត SOP តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត « ការធ្វើ បច្ចុប្បន្នភាពនៃការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី » សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលកំពុងធ្វើសកម្មភាព រួមមាន : អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ការប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន SOP ដ៏សំខាន់បំផុតនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តស្ដង់ដារ SOP តាមគន្លងប្រក្រតីភាពថ្មី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិសេសគឺផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ។

ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តន៍មួយចំនួន ឆ្លើយតបទៅ នឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន ។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការ ស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។

ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា មូលដ្ឋានអាជីវកម្មទេសចរណ៍ណា បំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ ក្នុងវិធាន សុវត្ថិភាពទេសចរណ៍ គឺនឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្ម ដែលមានសុវត្ថិភាពប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ឯកឧត្ដម ថោង ខុន បានស្នើសុំរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយដល់គ្រប់មូលដ្ឋាន អាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងធានាឱ្យបាននូវសុខសុវត្ថិភាព ជូនភ្ញៀវទេសចរ ។

ឯកឧត្ដម បានបន្តថា ការជំរុញឱ្យមានការអនុវត្តន៍បទដ្ឋានគតិយុត្តខាងលើនេះ គឺដើម្បីជួយឱ្យអាជីវកម្មទេសចរណ៍ទាំង ៤ ប្រភេទធំៗ ខាងលើ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងសម្របខ្លួនរៀនរស់ក្នុងប្រក្រតីភាពថ្មីមួយផង។

ឯកឧត្ដម បន្តទៀតថា នៅពេលអាជីវកម្មទេសចរណ៍ទាំង ៤ នេះអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីទាំងនេះបានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ។ យើងទាំងអស់គ្នានឹងចូលរួម ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញ ទេសចរក្នុងស្រុក និង អន្តរជាតិ ៕


0 comments:

Post a Comment