-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, August 24, 2021

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេ នៅរសៀលថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមល ឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុនទៅនឹងវិបត្តិផ្សេងៗ។  

សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័សលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។  ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥” ជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិក AIPA ទំាង១០ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃប្រទេសព្រុយណេ ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ា លើកទី៤២ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

សម្តេចបានគូសបញ្ជាក់បន្តថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១- ២០៣៥ ” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល។

គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវ នាវដល់អាស៊ាន និងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលរូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។

សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលបនីយកម្ម ប្រកបដោយបរិយាប័ន្ន។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅកម្ពុជា នាចុងឆ្នាំ២០២១នេះផងដែរ។ 

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ៊្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។  អន្តរសភាអាស៊ានជាការប្រមូលផ្តុំសំឡេងប្រជាពល រដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេន នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ នៅឆ្នាំ២០២២ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៤៣ ហើយពិធីប្រគល់តួនាទីជាប្រធានប្តូរវេន AIPA ដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ នៃពិធីបិទមហាសន្និបាត AIPA លើកទី៤២នេះផងដែរ ៕

ដោយ៖  ប៉ាល់ សុង, សម្រួលផ្សាយ៖ Dara

0 comments:

Post a Comment