-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, June 11, 2021

អភិបាលរងខេត្ត ជំរុញឱ្យម្ចាស់រោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 កំពង់ឆ្នាំង: ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្ត និងសហការី បានចុះអប់រំផ្សព្វផ្សាយ និងជំរុញឱ្យម្ចាស់រោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកអភិបាលរងខេត្ត បានជំរុញបែបនេះនៅថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រ អឹម និង វ៉េ ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក បានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួរឱ្យព្រួយបារម្ភបំផុត ហើយដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍ រោងចក្រ សហគ្រាស និងក្រុមគ្រួសារយើង ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់លើការវិវឌ្ឍនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ហើយអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើសកលលោក។

លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តន៍តាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ប្រយោជន៍ចៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនកម្មករ កម្មការនីទាំងអស់ត្រូវរក្សាសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល។ ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ឬទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។

នៅក្នុងឱកាសនោះ លោក អម សុភា ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ កម្មករ កម្មការិនីទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ ចូលរួមអនុវត្តន៍ឱ្យបានទាំអងស់គ្នា ៕

ដោយ បៃ ស៊ីថុន, សម្រួលផ្សយ៖ ANF

0 comments:

Post a Comment