-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, June 2, 2021

ក្រសួងសាធារណការ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៥១,៣៥ភាគរយ ហើយ

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ :ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥ភាគរយ ហើយ តាម កិច្ចសន្យា ដែលគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោង តាម ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមក្រសួងសាធារណការបានឱ្យដឹងថា ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុង ការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩ភាគរយ ស្មើ នឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយក្រសួងកំពុង តែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាល នៃជំងឺ កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរ ការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំង អស់ បានខិតខំប្រឹងប្រែងតស៊ូជម្នះនូវស្ថានភាពដ៏លំបាកនេះបាន។

សូមជម្រាបជូនផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះ សីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្ត កំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩ គីឡូម៉ែត្រ។ ការចំណាយថវិកាសាងសង់សរុបប្រមាណ ២ ០០០ លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ ចំពោះទទឹងតួផ្លូវសរុបនៃគម្រោង ខាង លើនឹង ត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់ រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាច ឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និង កន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ដោយឡែក សម្រាប់ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង៣ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវ ក្រាល គ្រួស ក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។ ទន្ទឹមនេះ មានការសាងសង់លូគ្រប់ប្រភេទ ចំនួន ២៦៣ កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។ សាងសង់ផ្លូវប្តូរទិសចរាចរណ៍ ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

ក្រៅពីនេះ ក៏មានសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។ លើលសពីនេះទៀត បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញា ចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

 ប្រភព៖ ក្រសួងសាធារណការ  

0 comments:

Post a Comment