សៀមរាប៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ អង្គការគោសប្បុរសដើម្បីកម្ពុជា (Cows for Cambodia) បានប្រគល់ផ្ទះមួយខ្នងទំហំ៤គុណ៥ ធ្វើពីអំពីឈើប្រក់ស័ង្កសីជូនដល់គ្រួសារដែលមានឈ្មោះលោកចាប សូវៀត ជាប្រជាពលរដ្ឋម្នាក់ដែលកំពុងជួបការលំបាកខ្លាំង រស់នៅក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក ចាន់ វិចិត្រ នាយកប្រតិបត្តិអង្គការគោសប្បុរសដើម្បីកម្ពុជា(Cows for Cambo dia) មានប្រសាន៍ឱ្យដឹងថា បន្ទាប់ពីក្រុមការងាររបស់អង្គការលោក បានចុះមកឃើញស្ថានភាពគ្រួសារគាត់មានការលំបាកគ្មានដី គ្មានផ្ទះសម្រាប់រស់នៅ គឺសុំដីគេចងតង់សម្រាប់នៅបណ្តោះអាសន្ននោះ អង្គការគោសប្បុរសដើម្បីកម្ពុជា ក៏បានសម្រេចទិញដី និងធ្វើផ្ទះជូនគ្រួសារគាត់ដែលជាផ្ទះទី២៤ របស់អង្គការ។ ហើយសម្រាប់ការចំណាយទាំងអស់ មានការចាក់ដី និងការសាងសង់ គឺខាងអង្គការជាអ្នកចំណាយទាំងអស់។
លោកចាន់ វិចិត្រ ក៏បានបញ្ជាក់ថា អង្គការគោសប្បុរស់ដើម្បីកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនដូចជាការជួយធ្វើផ្ទះ, ចែកអង្ករ, ការចិញ្ចឹមសត្វគោ និងសត្វពពែរ គឺក្នុងន័យមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត តាមរយ:ឱ្យប្រជាពលរដ្ឋខ្ចីសត្វគោយកទៅចិញ្ចឹមយកកូនធ្វើពូជបន្ត មានន័យថា អង្គការផ្តល់មេគោទៅឱ្យប្រជាពលរដ្ឋចិញ្ចឹមពេលបានកូនមួយអង្គការយកមេគោនោះមកវិញដោយទុកកូនគោឱ្យប្រជាពលរដ្ឋធ្វើពូជ។ លោកបានបន្តថា ចំពោះសត្វពពែរបើប្រជាពលរដ្ឋណាដែលមានដីទំនេរ ហើយចង់ចិញ្ចឹាមសត្វពពែរ គឺខាងអង្គការនឹងផ្តល់ជូនដូចគ្នាដែរ។
ក្នុងនោះដែរលោកប្លោក ចាម ជំទប់ទី១ឃុំរលួស ស្រុកប្រាសាទបាគង បានមានប្រសាសន៍បន្ថែមឱ្យដឹងដែរថា គ្រួសារលោកចាប សូវៀត ពិតជាមានស្ថានភាពក្រីក្រមែនកន្លងមកនេះអាជ្ញាធរឃុំតែងតែជួយដល់គ្រួសារគាត់ជាបន្តបន្ទាប់។ ហើយគ្រួសារនេះ ក៏បានទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅក្នុងអំឡុងនៃការជួបវិបត្តិកូវិដ-១៩ផងដែរ។ លោកក៏បានថ្លែងអំណរគុណដល់អង្កការគោសប្បុរស ដែលបានជួយដល់ប្រជាពលរដ្ឋចំគោលដៅដែលពួកគាត់កំពុងមានតម្រូវការចាំបាច់៕ដោយ៖មន្ទីរព័ត៌មានខេត្តសៀមរាប





0 comments:
Post a Comment