-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, February 4, 2021

ផ្ទះមនុស្សធម៌ទី៧៦ បានប្រគល់ជូនគ្រួសារចាស់ជរា នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

  សៀមរាប : ថ្ងៃទី​​​​០៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះមនុស្សធម៌ទី៧៦របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារលោកតា ក្រូច រឿន អាយុ៧១ឆ្នាំ និងលោកយាយជាប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលពិធីប្រគល់ផ្ទះអំណោយនេះបានប្រព្រឹត្តទៅនៅថ្ងៃ៦រោច ខែមាឃឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៣ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ 

ផ្ទះមនុស្សធម៌ទី៧៦នេះ គឺជាអំណោយរបស់សប្បុរសជនលោក ឃឹម ប៉ូសាយ និងលោកស្រី ម៉ម វាសនា ដែលបានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទំហំ៦ម៉ែត្រគុណនឹង៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រោមក្រាលការ៉ូ មានកម្ពស់ផុតពីដី០,៤ម៉ែត្រ។     

នៅក្នុងពិធីនោះ លោកស្រី ម៉ម វាសនា បានឱ្យដឹងថា ក្រោមការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការកៀរគរមូលនិធិសប្បុរសជន ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់ចលនាកាកបាទក្រហម និងដោយមើលឃើញភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន សំខាន់ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន កុមារកំព្រា ដែលគ្មានទីជម្រករស់នៅបានសមរម្យនឹងគេនៅក្នុងសង្គមជាតិ ដូច្នេះហើយទើបលោកស្រីក៏បានឧបត្ថម្ភនូវផ្ទះមួយខ្នងនេះ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។       

លោកជំទាវ ទាង អេង ទៀសីហា បានបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូន ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ និងនៅរដូវក្តៅនេះត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងផ្តាំផ្ញើដល់លោកតា លោកយាយ ត្រូវចេះសម្អាតថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។      

លោកជំទាវ ទាង អេង ទៀសីហា ក៏បានណែនាំរម្លឹកដល់បងប្អូនបន្តមានការប្រុងប្រយ័ត្នខ្ពស់ អំពីករណីជំងឺកូវីដ-១៩ គឺត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវចេះធ្វើអនាម័យឱ្យបានជាប្រចាំ ដោយលាងសម្អាតដៃជាមួយទឹកសាប៊ូ  អាល់កុល ឬ ជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ហើយយើងគ្រប់រូបក៏ត្រូវតែធ្វើការសម្របខ្លួន ខិតខំរៀនរស់នៅធម្មតា តាមគន្លងបែបថ្មី នៅតាមសហគមន៍ និងគ្រួសារទាំងអស់ផងដែរ។     

គួរបញ្ជាក់ថា សម្រាប់គ្រួសារលោកតានិងលោកយាយ បន្ថែមពីលើអំណោយជាផ្ទះគ្រួសារចាស់ជរានេះក៏ទទួលបានបន្ថែមនៅមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូ ក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល។

សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ក៏បានឧបត្ថម្ភនូវផ្ទាំងសូឡានិងអំពូល១ឈុត និងថវិកា៤០ម៉ឺនរៀលបន្ថែមផងដែរ។ ដោយឡែក លោកតា លោកយាយដែលបានចូលរួមនៅក្នុងពិធីប្រគល់ផ្ទះនេះចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល៕

ដោយ៖ ហង្ស សៀក, សម្រួលផ្សាយ៖ spsnews

0 comments:

Post a Comment