-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, January 11, 2021

ព្រឹកនេះបើកបវេសនកាលឆ្នាំសិក្សាថ្មី, សម្តេចតេជោ ហ៊ុន សែន ណែនាំ ១២ចំណុច ដើម្បីធ្វើឱ្យការអប់រំកាន់តែល្អប្រសើរ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ការបើកបវេសនកាលនាឆ្នាំកន្លងទៅតែងធ្វើឡើងនៅខែវិច្ឆិកា នៃឆ្នាំចាស់។ តែការបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២០-២០២១ ត្រូវបានពន្យារពេលរហូតដល់ខែមករា ព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋខ្មែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតទាំងអស់គ្រប់ភូមិសិក្សាដែលបាននិងកំពុងសស្រាក់សស្រាំរៀបចំខ្លួន ដើម្បីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបើកបវេសនកាលនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់កម្ពុជាគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។

ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រដល់សិស្សានុសិស្ស និស្សិតតាមគ្រប់រូបភាព ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ បានលើកឡើងថា ថ្វីត្បិតឆ្នាំនេះ កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ ក្រោមទស្សនាទានថ្មីគឺ «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានអនុវត្តន៍នៅក្នុងឆ្នាំសិក្សាចាស់ ដើម្បីធានាដល់ដំណើរការនៃការអប់រំក្នុងបរិបទជំងឺកូវីដ១៩។ បើតាមសម្តេចតេជោ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្តោតលើ៖ ១). ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ២) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ៣) ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និង ៤) ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។

សម្តេចតេជោ បានបន្ថែមថា «វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវាអប់រំតាមរូបភាព “ការអប់រំតាមបែបចម្រុះ” មានន័យថា សិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផង ជាពិសេសក្រសួងអប់រំយុវជន និងកីឡាបានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេប ដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដូចជាការរៀបចំផលិត និងផ្សព្វផ្សាយ វីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី “ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត»។

សម្តេចតេជោ បានគូសរំលេចដែរថា ក្រសួងអប់រំយុវជន និងកីឡាក៏បានអនុវត្តវិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន នៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩ និងអនុញ្ញាតឱ្យបើកឡើងវិញជាដំណាក់កាលៗ ដែលប្រការនេះអាចធានាបានទាំងសុវត្ថិភាពសុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងធានាបាននូវការរៀន សូត្ររបស់សិស្សានុសិស្ស និស្សិត រហូតដល់ឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅចុង ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មីក្នុងស្ថានភាពសង្គមនៅញ៉ាំញីដោយជំងឺកូវីដ១៩នៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ចំនួន១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ។ ការណែនាំ និងអនុសាសន៍ទាំង១២ចំណុចនេះ រួមមាន៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួល ផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូលនៅក្នុងរយៈពេល២២ឆ្នាំមកនេះ។

ទី២៖ សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។

ទី៣៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំយុវជននិង កីឡាត្រូវបន្តជំរុញ «ការអប់រំឌីជីថល» ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។

ទី៤៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវរៀបចំនិងអនុវត្ត កម្មវិធីសិក្សាបំព្រួញ ដោយកំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើស មេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេស មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

ទី៥៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឱ្យមាន ភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុង វិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

ទី៦៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀនតាមបែបការរិះរក និងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្ត្រតាម បែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំវិទ្យាសាស្ត្រ បចេ្ចកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និង សេដ្ឋកិច្ចឌីជីថល ជាពិសេសសិស្សមានបំណិនសតវត្សទី២១។ ក្រសួងអប់រំយុវជន និងកីឡាត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ ក្រសួងត្រូវបន្តកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀន សម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។

ទី៧៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ- រូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈ តាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ករណីមានប្រធានស័ក្ដិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានា។

ទី៨៖ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុក ម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យមាន ចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

ទី៩៖ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យ បានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើង ស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្តាយ និងសង្គមជាតិយើង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។

ទី១០៖ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់គាំទ្រ ការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។

ទី១១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ- រូបវ័ន្តនិងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។

ទី១២៖ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត៕


0 comments:

Post a Comment