ព្រះសីហនុ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានអញ្ជើញសំណេះសំ ណាលជាមួយប្រជាការពារ និងបុគ្គលិកសម្អាតឆ្នេរ នៅឆ្នេរអូរឈើ ទាល២ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងព្រះសីហនុ និងមន្ទីរពាក់ព័ន្ធ ។ ពិធីសំណេះសំណាលរៀបចំនៅឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានការចូលរួមពីប្រជាការពារ ឆ្មាំសមុទ្រ អ្នកសម្អាតអនាម័យឆ្នេរ ក្រុមហ៊ុន សាងសង់ ពិស្ណុការ សរុបចំនួន ១៣៧នាក់ ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលក្រុងបានទៀតចំការសម្អាតគល់ឈើ និងកាត់ដើមឈើងាប់ ព្រមទាំងកាយសម្អាតថ្មនៅបណ្ដោយឆ្នេរអូរត្រេះ១ អូរត្រេះ២ និងឆ្នេរអូរឈើទាល២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ សម្រេចបានដូចជា៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កាយសម្អាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ បានចំនួន ១៥ឡាន ស្មើនឹង ១៨០តោន ។ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កាយសម្អាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ បានចំនួន ១០ឡាន ស្មើនឹង ១២០តោន ។ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ កាយសម្អាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះមួយ និងឆ្នេរអូរត្រេះ២ បានចំនួន ៤ឡាន ស្មើនឹង ៤៨តោន ។
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កាយសម្អាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ បានចំនួន ២ឡាន ស្មើនឹង ២៤តោន ។ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ កាយសម្អាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរឈើទាល២ បានចំនួន ១១ឡាន ស្មើនឹង ១៣២តោន ។ សរុបរយៈ០៥ថ្ងៃ យើងប្រមូលគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេតអូរត្រេះ១ អូរត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន ៤២ជើង (ឡាន) ស្មើនឹង ៥០៤តោន ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់លោក លោកស្រីមានការពាក់ព័ន្ធបានចូលរួមសម្អាតឆ្នេររយៈពេល ០៥ថ្ងៃ ប្រមូលសំរាមដឹកចេញបានជាង ៥០០តោន ក្នុងស្មារតីទទួលខុសត្រូវជាអ្នកមើលថែទាំសម្អាតឆ្នេរ ឱ្យមានភាពស្រស់ស្អាតហើយនេះក៏មិនមែនជាលើកដំបូងដែលយើងចាប់ផ្ដើមសម្អាតឆ្នេរដែរ ។ កាលពីមុននៅតំបន់នេះមានការលំបាកដោយសារមានសំរាម និងផលប៉ះពាល់ជាច្រើន ដែលមិនមានលំហឆ្នេរសាធារណៈ យើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗរហូតក្លាយជាលំហសាធារណៈមានឆ្នេរ មានកន្លែងដើរកម្សាន្ត ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់ទេ ។ ម្យ៉ាងទៀតភាពស្អាតដែលយើងមើលឃើញថ្ងៃនេះទទួលយកបាន ក៏ប៉ុន្តែនៅពេលខាងមុខយើងនឹងបន្តកែលម្អឱ្យមានភាពស្រស់ស្អាតបន្ថែមទៀត ដោយការទទួលខុសត្រូវ ដើម្បីធានាថា ភ្ញៀវទេសចរទាំងឡាយមកកម្សាន្តនៅទីនេះ មិនរំខានដោយសារដុំថ្ម កំទេចឈើ ឬសំរាម ហើយយើងនូវមានកិច្ចការជាច្រើនទៀតដែលយើងត្រូវរួមគ្នាធ្វើបន្តទៅទៀត ។
ឯកឧត្តម គួច ចំរើន បានបន្តថា សំរាមកើតចេញមកដោយសារមនុស្ស ភ្ញៀវទេសចរខ្លះដែលយកមកប្រើប្រាស់មិនបានយកត្រឡប់ទៅវិញ បន្សល់ទុកនូវសំរាម ម្យ៉ាងទៀតលំហសាធារណៈត្រូវបានប្រជាពលរដ្ឋសាទរ ក្នុងដំណើរកម្សាន្តនៅទីនេះ ។ រដ្ឋបាលខេត្តមានផែន ការបន្តបន្ទាប់ធ្វើឱ្យឆ្នេររបស់យើងកាន់តែមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា "តារារះ នាទិសនារតី" ដោយផ្អែកលើសក្តានុពលឆ្នេរសមុទ្រ។ ដូច្នេះយើងទាំងអស់គ្នាដែលមានភារកិច្ចនៅទីនេះ ប្ដេជ្ញាចិត្តចូលរួមថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលបានកំណត់ទៅលើសក្តានុពលមូលដ្ឋាននៅទីនេះ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បន្តទៀតថា រដ្ឋបាលខេត្តបានណែនាំឱ្យមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំដុះនៅតាមបណ្តោយឆ្នេរ នៅខែមេសា ឬខែឧសភាខាងមុខ ព្រោះដើមស្ងាវវាស័ក្តិសមដុះនៅតាមឆ្នេរសមុទ្រ ផ្តល់នូវសោភណ ភាព ភាពមនោរម្យ និងផាសុកភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាការពារ អ្នកសម្អាតអនាម័យឆ្នេរ ឆ្មាំសមុទ្រ និងបុគ្គលិកក្រុមហ៊ុន ពិស្ណុការ ចំនួន ១៣៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល ៕ ដោយ៖ ងូ សុមុនី សម្រួលផ្សាយដោយ៖ sps-news
0 comments:
Post a Comment