(កោះកុង)៖ អភិបាលខេត្តកោះកុង នៅថ្ងៃទី១៧ខែមករា ២០២១នេះ អនុញ្ញាតឱ្យពលករខ្មែរចំនួន២០នាក់ ដែលឆ្លងដែនចូលមកកម្ពុជាតាមច្រកព្រំដែននានាក្នុងខេត្ត បានវិលត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពីពួកគាត់ធ្វើចត្តាឡីស័ករកមិនឃើញវីរុសកូវីដ១៩។
ក្នុងចំណោមពលករជិត៩០នាក់នៅមណ្ឌលចក្តាឡីស័កអតីតសាលាខេត្តចាស់ គឺមាន២០នាក់ប៉ុណ្ណោះដែលអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃនេះ ក្នុងនោះស្រ្តី និងកុមារចំនួន៦នាក់ គ្រាចូលរួមស្ម័គ្រចិត្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃកន្លងទៅមក។
អញ្ជើញជូនដំណើរពលករត្រឡប់ទៅផ្ទះសម្បែរនៅស្រុកកំណើត លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អរគុណចំពោះកិច្ចចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩របស់ពលករជាមួយអាជ្ញាធរខេត្ត ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា ពលករដែលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារនោះ មានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង រកពុំឃើញវីរុសកូវីដ១៩ឡើយ។ ប៉ុន្តែទោះយ៉ាងណា លោកជំទាវ មិថុនា ភូថង នៅតែទាមទារឱ្យក្រុមពលករបន្តធ្វើអនាម័យសុខភាពអំឡុងពេលទៅដល់លំនៅដ្ឋាន ករណីមានរោគសញ្ញាសង្ស័យណាមួយ គប្បីប្រញាប់ទៅមន្ទីរពេទ្យនៅក្បែរមូលដ្ឋានរស់នៅ។
តំណាងពលករខ្មែរដែលឆ្លងដែនមកពីប្រទេសថៃ ដោយធ្វើចតា្តឡីស័កតេស្តសំណាកចំនួ៣លើក និងរកពុំឃើញជំងឺកូវីដ១៩ បង្ហាញភាពត្រេកអរពេលសុខភាពរបស់ពួកគេរឹងមាំល្អ ជៀសផុតពីជំងឺកូវីដ។
ពលករស្ម័គ្រចិត្តធ្វើចត្តាឡីស័ក អះអាងទៀតថា មូលហេតុសម្រេចចិត្តធ្វើដំណើរឆ្លងដែនកន្លែងការងារនៅប្រទេសកកម្ពុជាវិញអំឡុងពេលផ្ទុះជំងឺកូវីដនៅថៃ ក៏ព្រោះតែគ្មានការងារធ្វើជំនួសដោយការផ្អាកដំណើរបណ្តោះអាសន្ន។
បច្ចុប្បន្ន ទាំងអាជ្ញាធររដ្ឋបាល មន្រ្តីសុខាភិបាល និងកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងបង្កើនការតាមដានពិនិត្យលំហូចំនួនពលករខ្មែរគ្រប់ច្រកចេញចូលនៃព្រំដែន ជាពិសេសច្រករបៀង ត្រៀមទទួលពលករមកធ្វើចត្តាឡីស័ក២៤ម៉ោងលើ២៤ម៉ោង៕
0 comments:
Post a Comment