(ភ្នំពេញ)៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំទីក្រុងញូវយក ដែលត្រូវបានអនុញ្ញាតឱ្យឡើងធ្វើបទអន្តរាគមន៍មុនភាគីថៃ បានគូសបញ្ជាក់ពីការវាយលុកទ្រង់ទ្រាយធំរបស់ភាគីថៃមកលើកម្ពុជា ដោយប្រើប្រាស់រហូតដល់យន្តហោះប្រយុទ្ធប្រភេទ F-16 រថក្រោះ គ្រាប់បែកចង្កោម ហើយនឹងអាវុធធុនធ្ងន់ជាច្រើន ដែលឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជារបស់កម្ពុជា។
លោកបានលើកឡើងថា «តំណាងអចិន្រ្តៃយ៍កម្ពុជា បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ សហប្រជាជាតិពីការវាយលុកទ្រង់ទ្រាយធំ របស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទៅលើទីតាំងមួយចំនួនរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន រួមទាំងប្រាសាទតាក្របី តាមាន់ធំ និងប្រាសាទព្រះវិហារ ហើយក្នុងការវាយលុកទ្រង់ទ្រាយធំនេះ ថៃបានប្រើរហូតដល់យន្តហោះប្រយុទ្ធប្រភេទ F-16 រថក្រោះ គ្រាប់បែកចង្កោម ហើយនឹងសភាវុធធុនធ្ងន់ ជាច្រើន»។
ជាមួយគ្នានេះ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ផងដែរពីការខូចខាត របស់ជនស៊ីវិលកម្ពុជា និងទីតាំងវប្បធម៌របស់កម្ពុជា មួយចំនួន ដោយសារការវាយលុករបស់ថៃ។ ហើយក្នុងបទអន្តរាគមន៍នេះ កម្ពុជាបានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងមានដំណោះស្រាយដោយសន្តិវិធីផងដែរ។
លោក ជុំ សន្ទរី គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៣ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើង របាយការណ៍មួយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញនិងបានចែក ជូនទៅដល់សមាជិកមុនកិច្ចប្រជុំបន្ទាន់នេះ ដែលបានរំលេចចំណុចសំខាន់មួយចំនួន។
តែយ៉ាងណាចំណុចសំខាន់ចំនួន២ ដែលគួរឱ្យចាប់អារម្មណ៍គឺ UN បានបង្ហាញនូវជំហរខុសគ្នារវាងកម្ពុជា និងថៃ។
ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា កម្ពុជាបានផ្ញើលិខិតមក UN មុន និងបានស្នើសុំឱ្យមានការកោះប្រជុំ បន្ទាប់មកទើបទទួលបានពីភាគីថៃ តែក្នុងលិខិតនោះភាគីថៃពុំបានស្នើសុំឱ្យមានការកោះប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះទេ និងចំណុចសំខាន់ទី២ គឺការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានលើកសំណើឱ្យមានកិច្ចឈប់បាញ់គ្នា រវាងភាគីទាំងពីរ ក្នុងនោះកម្ពុជា បានទទួលយកសំណើរនោះ ខណៈថៃដំបូងបានទទួលយកសំណើឱ្យមានកិច្ចឈប់បាញ់គ្នានេះ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្តូរជំហរមិនទទួលយកវិញ៕
0 comments:
Post a Comment