-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 17, 2025

រដ្ឋមន្រ្តីសុខាភិបាល ណែនាំជាថ្មីដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងណែនាំជាថ្មីដល់មន្ដ្រីបុគ្គលិកសុខាភិបាល ពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងតាមប្រព័ន្ធ Zoom មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចជា៖

១៖​ ត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌

២៖ ត្រៀមលក្ខណៈក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំង ទៅទីកន្លែងមានសុវត្ថិភាព ដោយត្រៀមរៀបចំនូវស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ ឱសថប្រើប្រាស់សំខាន់ ជាពិសេសជំងឺឆ្លងផ្សេងៗ

៣៖ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត នូវការបម្រើសេវាពិនិត្យ និងព្យាបាល នៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ជាពិសេសនៅតាមតំបន់ព្រំដែន

៤៖ ធ្វើការសហការជាមួយមន្រ្តីរដ្ឋបាលរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដោយស្មារតីសាមគ្គី

៥៖ សូមរក្សានូវការទំនាក់ទំនងគ្នា និងផ្តល់ព័ត៌មានជូនក្រុមការងារឱ្យបានជាប់ជានិច្ច ដើម្បីទទួលបានកិច្ចអន្តរាគមន៍ទាន់ពេលវេលា នៅពេលចាំបាច់

៦៖ រៀបចំផែនការសកម្មភាព និងបត់បែនទៅតាមសភាពការជាក់ស្តែង ស្របតាមពេលវេលា និងធនធានដែលមាន ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាព។

លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ត្រូវត្រៀមនូវការសង្រ្គោះបន្ទាន់ គ្រូពេទ្យប្រចាំការ ការរៀបចំសម្ភារបរិក្ខារពេទ្យ ការផ្គត់ផ្គង់ឱសថ និងឈាម សម្រាប់ត្រៀមក្នុងជួយសង្រ្គោះអាយុជីវិត ក្នុងករណីមានការកើតឡើងមួយជាយថាហេតុ ដើម្បីធានាការបម្រើសេវាសុខាភិបាលដល់ប្រជាជន និងបងប្អូនពលករដោយការយកចិត្តទុកដាក់ខ្ពស់។

សូមជម្រាបថាកាលពីពេលថ្មីៗនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា ក៏បានដឹកនាំមន្ដ្រីជំនាញ និងសម្ភារៈបរិក្ខារពេទ្យ ជូនមណ្ឌលសុខភាពដែលនៅតាមបណ្ដោយព្រំដែននៃខេត្ដព្រះវិហារផងដែរ៕

0 comments:

Post a Comment