- (ភ្នំពេញ)៖ កងរាជអាវុធលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយកើតមានជម្លោះជាមួយលោក ហូ ទី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយមានការចែកចាយខ្លាំង នៅលើបណ្តាញសង្គម ករណីជម្លោះរវាងអ្នករត់តាក់ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖
១- ធ្វើសំណើទៅអគ្គបញ្ញការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
២- ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា «មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ ដោយប្រកាសក្រសួងការពារជាតិ»។
សូមជម្រាបថា តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស ប៊ុនសឿង ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានបុរសអ្នករត់តាក់ស៊ីម្នាក់ចោទប្រកាន់ថា នាំកូនទៅចាប់ក្របួចគាត់នៅផ្សារព្រំ ព្រោះតែរឿងលុយ២ម៉ឺនរៀល។
លោក ហួរ ទ្រី បានអះអាងថា ខ្លួនជាអ្នករត់តាក់ស៉ីដឹកមនុស្ស និងឥវ៉ាន់។ លោកបានបន្តថា លោក ស ប៊ុនសឿង បានជួលឡានលោកដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ៦០០០០រៀល តែគាត់ប្រកែកថាយក ៨០០០០រៀល ទើបលោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះតែម្ដង៕
0 comments:
Post a Comment