-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, June 7, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកាន់អភិក្រមយកប្រជាជនជាស្នូល ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានសារៈសំខាន់យ៉ាងខ្លាំង តែត្រូវជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ

ចំនួនអ្នកទស្សនា: Views

 

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។ សាធារណជនទូទៅបានសម្ដែងការ ភ័យខ្លាច និងការព្រួយបារម្ភរួចទៅហើយថាសិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណេត បានលើកឡើងថា ប្រសិនបើគ្មានការអប់រំ និងជំនាញជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅនៅក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។ ពេលខ្លះការវិវត្តបែបនេះបែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានន្ថែមថា ការបំប្លែងរូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម, ភាពច្របូកច្របល់ និងអស្ថិរភាពដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម និងសន្តិភាពដែលបានមកដោយលំបាក។

តាមរយៈសន្ទរកថា ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ»។

ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទន្ទឹមនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត យើងក៏ត្រូវមានការអភិវឌ្ឍក្របខណ្ឌបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមវិភាគទាន ពីគ្រប់ភាគីពាក់ព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សា និងការផ្លាស់ប្ដូរស៊ីជម្រៅពេញមួយសប្តាហ៍ យើងនឹងអាចដាក់ចេញនូវគំនិតជាក់ស្ដែងនិយម ដែលមានមូលដ្ឋាននៅលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី នៅក្នុងទិសដៅពន្លឿនការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ៕

0 comments:

Post a Comment