-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, March 26, 2024

ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគតប្ដេជ្ញាជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគត បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន ព្រមទាំងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការពន្លឺអនាគត ដឹកនាំដោយលោក យិត វិរ៉ាស៊ី នាយកប្រតិបត្តិនៃអង្គការពន្លឺអនាគត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានចែករំលែកអំពីគោលនយោបាយ យុទ្ធសាស្រ្តគន្លឹះ និងការវិវត្តថ្មីៗនៃវិស័យទេសចរណ៍ ដល់ប្រតិភូនិងសិស្សានុសិស្សជនជាតិជប៉ុន ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានអំពីវិស័យទេសចរណ៍ សម្រាប់ជាមូលដ្ឋាននៅក្នុងការសិក្សា ចូលរួមផ្សព្វផ្សាយ និងចែករំលែកដល់ភ្ញៀវទេសចរជប៉ុន។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ដែរថា វិស័យទេសចរណ៍ជាស្ពានសម្រាប់ការផ្តាស់ប្តូរវប្បធម៌ ការសិក្សា និងប្រជាពលរដ្ឋ ព្រមទាំងសម្រាប់ការបង្កើនភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តដល់ភាគីជប៉ុនដែលពាក់ព័ន្ធ ចូលរួមគាំទ្រក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផងដែរ។

ជាលទ្ធផលនៃជំនួបនេះ ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគតបានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន ព្រមទាំងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន៕

0 comments:

Post a Comment