ភ្នំពេញ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើនស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ក្នុងការកសាងសង្គមកម្ពុជាឱ្យបានរឹងមាំ។ ការថ្លែងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាការពិតការអប់រំប្រកបដោយគុណភាពខ្ពស់គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូលធនប្រយុទ្ធគំនិតច្នៃប្រឌិតបច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ជំរុញបង្កើតភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នភាពធន់និងចីរភាព។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការអប់រំនិងការបណ្ដុះបណ្ដាលមិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិរួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួលបានការអប់រំនិងបណ្ដុះបណ្ដាល និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងថា ការធ្វើកំណែទម្រង់រយៈពេល ១០ ឆ្នាំនេះបានបញ្ជាក់ថា ប្រព័ន្ធការងារបានដើរដោយចីរភាព ប្រជាជនទាំងមូលបានគាំទ្រ និងទទួលយកនូវការកែទម្រង់នេះ ហើយយកជាវប្បធម៌ថ្មីនៃការប្រឡងតែម្ដងគឺជាជោគជ័យរបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា កំណែទម្រង់រយៈពេល ១០ ឆ្នាំនេះគឺចាប់ឆ្នាំ ២០១៤ ក្រសួងអប់រំរៀបចំការប្រឡង២ដង ក្នុងនោះលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើកទី២បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១១ នាក់ ។ សម្ដេចធិបតីបានបន្ថែមថា សិស្សនិទ្ទេស A បានកើនពីចំនួន១១នាក់ ហើយមកដល់ឆ្នាំ២០២៣ គឺមានអ្នកប្រឡងជាប់និទ្ទេស A រហូតដល់ ១ ៦៩១ នាក់ បានន័យថាប្រព័ន្ធការងារនេះបានដើរ និងបានន័យថាដំណើរការគឺមានចីរភាព។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងដែរថា ចីរភាពបានន័យថាសង្គមទាំងមូលប្រជាជនយើងទាំង មូលបានគាំទ្រ និងទទួលយកនូវការកែទម្រង់នេះហើយយកជាវប្បធម៌ថ្មីនៃការប្រឡងតែម្ដង ដែលនេះគឺជាជោគជ័យរបស់យើង៕
0 comments:
Post a Comment